រដ្ឋបាលសេតវិមានបានប្រកាសជាផ្លូវការថា សហរដ្ឋអាមេរិកនឹងចេញលិខិតឆ្លងដែនប្រភេទពិសេសថ្មី ដែលមានរូបថតលោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីអបអរខួប ២៥០ឆ្នាំ នៃការប្រកាសឯករាជ្យនៅខែកក្កដាខាងមុខ។ នេះបើតាមការផ្សាយរបស់ BBC នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

យោងតាមរូបភាពគំរូពីក្រសួងការបរទេសអាមេរិក លិខិតឆ្លងដែនថ្មីនេះមានរូបលោក ត្រាំ ព័ទ្ធជុំវិញដោយខ្លឹមសារសេចក្តីប្រកាសឯករាជ្យ និងទង់ជាតិអាមេរិក ព្រមទាំងហត្ថលេខារបស់លោកជាពណ៌មាសយ៉ាងស្រស់ស្អាត។ ប្រជាពលរដ្ឋអាមេរិកអាចដាក់ពាក្យស្នើសុំបាន តែមានចំនួនកំណត់ និងអាចរកបានតែនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីប៉ុណ្ណោះ។
អ្នកនាំពាក្យសេតវិមានបានថ្លែងថា ការរចនាបែបស្នេហាជាតិនេះជាវិធីដ៏អស្ចារ្យសម្រាប់ប្រជាជនក្នុងការចូលរួមអបអរខួបកំណើតដ៏ធំរបស់ប្រទេស។ បន្ថែមពីនេះ ក៏មានកម្មវិធីធំៗជាច្រើនទៀតដូចជា ការប្រកួតកីឡា ការតាំងពិព័រណ៍ថ្នាក់ជាតិ និងការប្រណាំងឡាន ដើម្បីបង្ហាញស្មារតីស្នេហាជាតិនៅក្នុងឱកាសប្រវត្តិសាស្ត្រនេះ។
ក្រៅពីលិខិតឆ្លងដែន លោក ត្រាំ ក៏កំពុងបន្សល់ទុកនិមិត្តសញ្ញាផ្ទាល់ខ្លួនជាច្រើនលើកម្មវិធីរដ្ឋ និងអគារសាធារណៈ។ ថ្មីៗនេះ រោងពុម្ពប្រាក់អាមេរិកបានប្រកាសផលិតកាក់មាសមានរូបលោក ហើយលោកនឹងក្លាយជាប្រធានាធិបតីកាន់អំណាចដំបូងគេដែលមានហត្ថលេខាលើក្រដាសប្រាក់អាមេរិក។ មជ្ឈមណ្ឌលសិល្បៈ Kennedy Center ត្រូវបានប្តូរឈ្មោះទៅជា «Trump-Kennedy Center» បង្កការរិះគន់ពីគ្រួសារ Kennedy។ ក៏មានគម្រោងសាងសង់ «Arc de Trump» កម្ពស់ ៧៦ម៉ែត្រ នៅកណ្តាលក្រុងវ៉ាស៊ីនតោនឌីស៊ីផងដែរ។
សូម្បីតែសេតវិមានផ្ទាល់ ក៏ត្រូវបានលោក ត្រាំ កែប្រែរូបរាងយ៉ាងខ្លាំង ដោយវាយកម្ទេចអគារ East Wing ដើម្បីសាងសង់សាលរាំដ៏ធំ ដែលបណ្តាលឲ្យសេតវិមានប្រឈមរឿងប្តឹងផ្តល់ពីអង្គការអភិរក្សប្រវត្តិសាស្ត្រជាតិ។ តាមរយៈសកម្មភាពទាំងនេះ គេឃើញថាអតីតកាល និងបច្ចុប្បន្នកាលរបស់អាមេរិកកំពុងត្រូវបានរៀបចំសាជាថ្មីក្រោមរូបភាព និងឈ្មោះរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ៕
