ត្រាំសម្រេចដកទ័ពចេញពីអាល្លឺម៉ង់ ណាតូនិងសម្ព័ន្ធមិត្តព្រួយបារម្មណ៍ធ្ងន់ធ្ងរ

ត្រាំសម្រេចដកទ័ពចេញពីអាល្លឺម៉ង់ ណាតូនិងសម្ព័ន្ធមិត្តព្រួយបារម្មណ៍ធ្ងន់ធ្ងរ

ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដកទ័ពអាមេរិកចំនួន ៥,០០០ នាក់ចេញពីប្រទេសអាល្លឺម៉ង់ កំពុងបង្កភាពចម្រូងចម្រាសយ៉ាងខ្លាំងទាំងនៅក្នុងគណបក្សសាធារណរដ្ឋខ្លួនឯង និងជាមួយអង្គការណាតូ។

បើតាមសារព័ត៌មាន BBC ចុះផ្សាយថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ក្រសួងសង្គ្រាមអាមេរិកបានសម្រេចដកទ័ពនេះ បន្ទាប់ពីមានជម្លោះពាក្យសម្តីយ៉ាងតឹងសរសៃករវាងលោក ត្រាំ និងអធិការបតីអាល្លឺម៉ង់ Friedrich Merz ពាក់ព័ន្ធបញ្ហាសង្គ្រាមអ៊ីរ៉ង់។

ជុំវិញរឿងនេះ អង្គការណាតូបានឲ្យដឹងថា ខ្លួនកំពុងធ្វើការជាមួយអាមេរិកដើម្បីឲ្យមានការបំភ្លឺ និងពន្យល់លម្អិតអំពីការសម្រេចចិត្តនេះ។

កងទ័ពអាមេរិក

អ្នកនាំពាក្យអង្គការណាតូ លោកស្រី Allison Hart បានបង្ហោះសារលើបណ្តាញសង្គម X ថា ការកែសម្រួលនេះសបញ្ជាក់យ៉ាងច្បាស់អំពីតម្រូវការរបស់អឺរ៉ុប ដែលត្រូវបន្តវិនិយោគបន្ថែមទៀតលើវិស័យការពារជាតិ។

ទន្ទឹមនោះ គណបក្សសាធារណរដ្ឋបានបង្ហាញក្តីបារម្ភថា ការដកទ័ពនេះពិតជាប៉ះពាល់ខ្លាំងដល់សន្តិសុខអឺរ៉ុប ហើយហាក់ដូចជាផ្តល់បច្ច័យល្អដល់រុស្ស៊ី។ សមាជិកព្រឹទ្ធសភា Roger Wicker និងតំណាងរាស្ត្រ Mike Rogers បានព្រមានថា ការដកទ័ពនេះប្រៀបបានជាការបញ្ជូនសញ្ញាទៅកាន់លោក ពូទីន។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ សហរដ្ឋអាមេរិកមានកងទ័ពបំពេញកាតព្វកិច្ចសកម្មចំនួន ៣៦,៤៣៦ នាក់ នៅអាល្លឺម៉ង់ បើប្រៀបធៀបទៅនឹង ១២,៦៦២ នាក់នៅអ៊ីតាលី និង ៣,៨១៤ នាក់នៅអេស្ប៉ាញ៕

administrator

Related Articles