ក្រុងតាខ្មៅ៖ កម្លាំងនគរបាលខេត្តកណ្តាល សហការជាមួយអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងករណីប្រើអំពើហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា នៅចំណុចក្រោយសាលារៀនសុវណ្ណភូមិ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៧ យប់។

ជនរងគ្រោះមានឈ្មោះ ថា ចិត្រា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ រងការវាយដំខូចខាតម៉ូតូ ១គ្រឿង។ ជនសង្ស័យសរុបមានចំនួន ៦នាក់ ក្នុងនោះឃាត់ខ្លួនបាន ៣នាក់ រួមមាន៖ ឃុន ខុនគីមូន (អាយុ១៩ឆ្នាំ កម្មកររោងចក្រ), បែន ចេស្តា ហៅនាថ (អាយុ២០ឆ្នាំ សិស្ស) និង ង្វៀង យ៉ាំងលឿង ហៅជា (អាយុ១៨ឆ្នាំ សិស្សជនជាតិវៀតណាម)។


ចំណែកជនសង្ស័យគេចខ្លួន ៣នាក់ផ្សេងទៀត រួមមាន៖ ចាន់ សុវណ្ណបញ្ញា (អាយុ១៦ឆ្នាំ សិស្ស), គី ប៊ុនដារ៉ា ហៅបុត្រ ហៅហ៊ុប (អាយុ១៨ឆ្នាំ កម្មកររោងចក្រ) និង នុត (អាយុ១៨ឆ្នាំ កម្មកររោងចក្រ) កំពុងត្រូវបានកម្លាំងសមត្ថកិច្ចតាមប្រមាញ់។

វត្ថុតាងចាប់យកបានរួមមាន៖ កាប់បិតផ្គាក់ផ្លែដែកដងឬស្សី ០១, ម៉ូតូ ០១គ្រឿងម៉ាក SUZUKI NEX ពណ៌សលាយក្រហម ពាក់ផ្លាកលេខ កណ្តាល1LP-3193។ រីឯសម្ភារខូចខាតរបស់ជនរងគ្រោះគឺម៉ូតូ ០១គ្រឿងម៉ាក SUZUKI NEX2 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1AD-9823 បែកក្បាល កុងទ័រ និងចង្កៀងស្តុបខាងក្រោយ។


នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ៣នាក់បានសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សាដោយចេតនាទៅលើជនរងគ្រោះ ដោយសារការខឹងសងសឹក ពីមុនជនរងគ្រោះធ្លាប់ព្រួតវាយជនសង្ស័យឈ្មោះ ឃុន ខុនគីមូន បណ្តាលឱ្យមានរបួសត្រង់គុម្ពត្រចៀកខាងស្តាំ កាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២៦។


បច្ចុប្បន្ននេះ ជនសង្ស័យទាំង ៣នាក់ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី រីឯជនសង្ស័យគេចខ្លួនកំពុងត្រូវបានសមត្ថកិច្ចបន្តស្រាវជ្រាវតាមចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់៕
