ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញរបាយការណ៍នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ បញ្ជាក់ថា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែមេសា កន្លងទៅ អាជ្ញាធរកម្ពុជា បានបណ្ដេញជនបរទេសសរុបចំនួន ២,៦៧១នាក់ (ស្រី ៥៨៥នាក់) តំណាងឲ្យ ២៩សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីត្រូវបានរកឃើញថាពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ផ្សេងៗ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការណែនាំពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីបន្តអនុវត្តវិធានការតឹងរឹងលើជនបរទេសដែលល្មើសច្បាប់។ ក្នុងចំណោមជនបរទេសដែលត្រូវបានបណ្ដេញចេញ មានជនជាតិចិន ៣០៦នាក់ និងជនជាតិថៃ ៦៣៥នាក់ ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។

ជនបរទេសផ្សេងទៀតត្រូវបានរកឃើញថាពាក់ព័ន្ធនឹងបទល្មើសដូចជា លួចឆ្លងដែន បន្លំឯកសារ ស្នាក់នៅគ្មានលិខិតត្រឹមត្រូវ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ។

ជនបរទេសទាំងនេះ ត្រូវបានបណ្ដេញចេញតាមច្រកទ្វារអាកាស និងច្រកទ្វារព្រំដែនអន្តរជាតិសំខាន់ៗដូចជា អាកាសយានដ្ឋានសៀមរាបអង្គរ, ប៉ោយប៉ែត, និងអាកាសយានដ្ឋានអន្តរជាតិតេជោ។


អាជ្ញាធរបានបញ្ជាក់ថា វិធានការនេះគឺជាផ្នែកមួយនៃយុទ្ធនាការរឹតបន្តឹងច្បាប់ ដើម្បីបង្ការ និងបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា ជាពិសេសសកម្មភាពឆបោកអនឡាញ ដោយមានគោលបំណងធានាសុវត្ថិភាពសង្គម និងការពារប្រជាពលរដ្ឋទាំងក្នុងប្រទេស។






