ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយអ្នកភូមិម្នាក់បានប្រទះឃើញសាកសពក្មេងប្រុស២នាក់អណ្ដែតទឹកនៅមាត់ទន្លេវៃគោ ត្រើយខាងកើត កាលពីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់មានឈ្មោះ ម៉ន សុវណ្ណ (អាយុ១០ឆ្នាំ) និង អ៊ឹង ច័ន្ទបូភ័ក្រ (អាយុ១០ឆ្នាំ) រស់នៅក្រុងស្វាយរៀង។
តាមសាក្សីឈ្មោះ ចាន់ សារ៉ុន បានរៀបរាប់ថា រូបគាត់បានទៅអូសអួនរកត្រីនៅមាត់ទន្លេ ហើយបានអាំងត្រីក្លែមស្រានៅរោងអ្នកតាតារ៉ុន។ លុះដល់ម៉ោងប្រមាណ៤ទៀបភ្លឺ គាត់បានដើរមកមាត់ទន្លេដើម្បីដឹកក្របីទៅផ្ទះ ក៏ស្រាប់តែឃើញសាកសពក្មេងៗអណ្ដែតទឹក ទើបស្រែកហៅមនុស្សឱ្យជួយ និងរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ។
ឪពុកជនរងគ្រោះឈ្មោះ ឌឹម សាម៉េន បានឱ្យដឹងថា កាលពីថ្ងៃទី០១ ខែឧសភា វេលាម៉ោង១រសៀល កូនប្រុសរបស់គាត់បានជិះកង់អាគុយជាមួយមិត្តភក្តិចេញពីផ្ទះទៅរៀនគួរ តែរហូតដល់ល្ងាចក៏ពុំឃើញត្រឡប់មកផ្ទះវិញ។ ក្រោយមកដឹងថាកូនរបស់ខ្លួនបានលង់ទឹកស្លាប់ ធ្វើឱ្យគ្រួសារក្ដុកក្ដួលយ៉ាងខ្លាំង។
សមត្ថកិច្ចជំនាញ រួមជាមួយក្រុមគ្រូពេទ្យកោសល្យវិច័យ បានចុះពិនិត្យសាកសព និងសន្និដ្ឋានថា ក្មេងទាំងពីរនាក់ពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន។ ក្រោយបញ្ចប់ការពិនិត្យ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
