បន្ទាយមានជ័យ៖ ប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅបុរីសានកូ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ បានទទួលជោគជ័យយ៉ាងត្រចះត្រចង់។

នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានធ្វើការបោសសម្អាតជាស្ថាពរ ដោយបានរកឃើញ និងឃាត់ខ្លួនជនជាតិចិន និងភូមាចំនួន០២នាក់បន្ថែមទៀត ដែលសង្ងំលាក់ខ្លួនក្នុងបន្ទប់នៃទីតាំងខាងលើ។

សូមរំលឹកថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កងរាជអាវុធហត្ថ និងកងខេមរភូមិន្ទ ដោយមានការចូលរួមពីរដ្ឋបាលក្រុងប៉ោយប៉ែត គណបញ្ជាការឯកភាពខេត្ត ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបក្រុមលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ រកឃើញជនបរទេសជាច្រើននាក់ និងវត្ថុតាងមួយចំនួនធំ។


អត្ថបទដោយ៖ សហការី | កែសម្រួលដោយ៖ កៀន សុឃាក់
