រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៧៣នាក់ (ក្នុងនោះស្រី ១៣នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។

ការបណ្តេញចេញនេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែមេសា ឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍។

នេះជាសកម្មភាពបន្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ និងការងារខុសច្បាប់របស់ជនបរទេស ដែលបាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅកម្ពុជា។


សូមបញ្ជាក់ថា ការបណ្តេញចេញនូវជនជាតិចិនទាំង ១៧៣នាក់នេះ ត្រូវបានអនុវត្តដោយស្របច្បាប់ និងមានការសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតចិនប្រចាំកម្ពុជា។


អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសឲ្យដឹងនាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ ថា ប្រតិបត្តិការនេះនឹងបន្តធ្វើឡើងជាប្រចាំ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអេឡិចត្រូនិក ដែលកំពុងកើតមានជាអាទិភាពនៅកម្ពុជា ៕
