ទោះបីជាបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាកំពុងដំណើរការក៏ដោយ ក៏កងកម្លាំងអ៊ីស្រាអែល (IDF) នៅតែបន្តវាយប្រហារតាមផ្លូវអាកាសទៅលើប្រទេសលីបង់ ដោយត្រឹមតែរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានសម្លាប់មនុស្សជាង ៤០នាក់បន្ថែមទៀត។

តាមការផ្សាយរបស់ Al Jazeera ដែលដកស្រង់ទិន្នន័យពីក្រសួងសុខាភិបាលលីបង់ នៅថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ អ៊ីស្រាអែលបានបើកការវាយប្រហារអាកាសទូទាំងប្រទេសលីបង់ ផ្តាច់ជីវិតមនុស្សចំនួន ៤១នាក់ ខណៈបទឈប់បាញ់នៅតែចូលជាធរមាន។
តួលេខចុងក្រោយនេះ ធ្វើឲ្យចំនួនមនុស្សស្លាប់សរុបចាប់តាំងពីអ៊ីស្រាអែលផ្តើមប្រតិបត្តិការយោធាក្នុងប្រទេសលីបង់ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ កើនដល់ ២,៦៥៩នាក់។

ក្រៅពីអ្នកស្លាប់ នៅមាន ៨,១៨៣នាក់ទៀតរងរបួស ខណៈជាង ១លាននាក់ត្រូវបង្ខំចិត្តរត់ភៀសខ្លួនចោលផ្ទះសម្បែង។
សូមជម្រាបថា អ៊ីស្រាអែល និងក្រុមហេសបូឡា-លីបង់ បានព្រមព្រៀងគ្នាឈប់បាញ់រយៈពេល ១០ថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃទី១៧ ខែមេសា។ ក្រោយមក បទឈប់បាញ់នេះត្រូវបានពង្រីកជាបន្តបន្ទាប់រហូតដល់ពាក់កណ្តាលខែឧសភា ប៉ុន្តែភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថារំលោភបទឈប់បាញ់ជារៀងរាល់ថ្ងៃ។
ទោះបីជាយ៉ាងណា អ៊ីស្រាអែលអះអាងថា ការវាយប្រហាររបស់ខ្លួនគឺកំណត់គោលដៅលើក្រុមហេសបូឡា ប៉ុន្តែផ្ទុយទៅវិញ ភាគច្រើននៃអ្នកដែលត្រូវបានសម្លាប់ គឺជាជនស៊ីវិលភាគច្រើន។
អត្ថបទ៖ សុខ សុវណ្ណ
