ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សហគមន៍សារព័ត៌មានក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងការពារសន្តិភាព។

ក្នុងសារលិខិត សម្តេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់តម្លៃខ្ពស់លើសេរីភាពសារព័ត៌មាន ដោយចាត់ទុកវិស័យនេះជាដៃគូមិនអាចខ្វះបានក្នុងការជំរុញអភិបាលកិច្ចល្អ។ ក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះនឹងការប្រែប្រួលបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) សម្តេចបានរំលឹកដល់អ្នកសារព័ត៌មានឱ្យបង្កើនសមត្ថភាព និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលបង្កគ្រោះថ្នាក់ដល់សង្គម។
ដើម្បីបន្តលើកកម្ពស់សេរីភាព និងគុណតម្លៃនៃវិស័យសារព័ត៌មាននៅកម្ពុជា សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវ អនុសាសន៍សំខាន់ៗចំនួន៦ រួមមាន៖
- ១. ជំរុញឱ្យអ្នកសារព័ត៌មានជួយបន្សុតព័ត៌មាន ដោយបដិសេធរាល់ព័ត៌មានក្លែងក្លាយ និងព័ត៌មានគ្មានប្រភពច្បាស់លាស់។
- ២. ប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងវិជ្ជាជីវៈសារព័ត៌មានដោយផ្អែកលើក្រមសីលធម៌ និងភាពច្នៃប្រឌិត ដើម្បីជៀសវាងការបំភ័ន្តភ្នែក។
- ៣. យកចិត្តទុកដាក់ផ្សព្វផ្សាយព័ត៌មានដែលការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ជាពិសេសស្ត្រី និងកុមារ។
- ៤. បញ្ឈប់រាល់សកម្មភាពដែលប្រើប្រាស់អាជីពអ្នកសារព័ត៌មានដើម្បីបំពានច្បាប់ ឬបម្រើផលប្រយោជន៍បុគ្គល ឬក្រុមណាមួយដែលបង្កអសន្តិសុខជាតិ។
- ៥. រួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយព័ត៌មានពិតឱ្យបានទូលំទូលាយ។
- ៦. អនុវត្តច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតដើម្បីរក្សាជំនឿទុកចិត្តពីសាធារណជន។

សម្តេចធិបតីបានសម្តែងនូវការដឹងគុណចំពោះអ្នកសារព័ត៌មានដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ និងបានជូនពរដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មបម្រើសង្គមជាតិបន្តទៀត៕
ដោយ៖ សិលា
