ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានឱ្យដឹងថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ តាមបណ្តាខេត្ត និងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ដោយគ្របដណ្តប់លើផ្ទៃដីប្រមាណ ៣៥% រីឯតំបន់ជួរភ្នំវិញ អាចមានភ្លៀងធ្លាក់រហូតដល់ ៤៥% ។

របបខ្យល់មូសុងនិរតីកំពុងបក់មកលើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើឱ្យធាតុអាកាសប្រែប្រួលចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ។
១- តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងអតិបរមា ៣៦°C ខ្យល់បក់ពីទិសនិរតី និងអាគ្នេយ៍ល្បឿន ៣ម៉ែត្រ/វិនាទី។ ខេត្តដូចជា បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់ ៣៥% ។

២- តំបន់ខ្ពង់រាប៖ សីតុណ្ហភាព ២៤°C ដល់ ៣៦°C ខ្យល់ល្បឿន ៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់ ៤៥% ។
៣- តំបន់មាត់សមុទ្រ៖ សីតុណ្ហភាព ២៥°C ដល់ ៣៥°C ខ្យល់ល្បឿន ២ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់ ៣០% ។ រលកសមុទ្រមានកម្ពស់ពី ០,៥០ ទៅ ១,០០ ម៉ែត្រ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្នពីបាតុភូតធម្មជាតិនេះផងដែរ ។
ដោយ ៖ សិលា
