ភ្នំពេញ៖ យុទ្ធនាការ «និយាយថា ទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងបរិវេណវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ រាជធានីភ្នំពេញ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីក្រសួងព័ត៌មាន តំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈគ្រប់គ្រង និងសិស្សានុសិស្សប្រមាណ ២៤០០ នាក់។
លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា៖ «យុវវ័យសម័យនេះ មិនត្រឹមតែត្រូវតាមឱ្យទាន់បច្ចេកវិទ្យាសម្រាប់ជាប្រយោជន៍នៃការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែត្រូវបង្កើតភាពធន់សម្រាប់ទប់ទល់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់នៃពិភពឌីជីថល។»
យុទ្ធនាការជំហានទី២នេះ ដើរតួជាប្រព័ន្ធការពារ និងយន្តការយុទ្ធសាស្ត្រផ្នែកអក្ខរកម្មឌីជីថល ផ្តោតលើការលើកកម្ពស់សមត្ថភាពយុវជនក្នុងការទប់ស្កាត់ និងជៀសផុតពីអន្ទាក់នៃឧបាយកលនយោបាយ បោកប្រាស់ និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាទំនើប។ យុទ្ធនាការនឹងបំពាក់ចំណេះដឹងផ្នែកអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងតម្រង់ទិសយុវវ័យឱ្យក្លាយជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន។
ក្រសួងព័ត៌មាននឹងដឹកនាំការអនុវត្តយុទ្ធនាការនេះនៅទូទាំងប្រទេស ដោយសហការជាមួយក្រសួង-ស្ថាប័នរដ្ឋ និងឯកជន។ យុទ្ធនាការនឹងជំរុញការអនុវត្តអភិក្រមសុវត្ថិភាពព័ត៌មាន ផ្តោតលើការផ្សព្វផ្សាយមាតិកាអប់រំ របៀបនៃការបង្ការទប់ស្កាត់ និងការពារខ្លួនពីហានិភ័យនៃព័ត៌មានក្លែងក្លាយ។
គួររំលឹកថា យុទ្ធនាការជំហានទី១ ដែលបានអនុវត្តតាំងពីខែមេសា ឆ្នាំ២០២៥ នៅទូទាំង ២៥ រាជធានី-ខេត្ត បានផ្តល់ចំណេះដឹងដល់ពលរដ្ឋជិត ១០ លាននាក់ និងផ្សព្វផ្សាយសារទៅដល់អ្នកប្រើប្រាស់ទូរស័ព្ទជាង ២៣ លានអង្គ/នាក់ទូទាំងប្រទេស៕
