អតីតតំណាងរាស្ត្រគណបក្សភឿថៃ លោក Nikhom Boonwiset បានបង្ហើបថា អាជ្ញាធរចិនបានដាក់ក្រុមហ៊ុននាំចេញសាច់មាន់របស់ថៃចំនួន ១៧ ចូលទៅក្នុង «បញ្ជីខ្មៅ» ក្រោយរកឃើញភាពមិនប្រក្រតីពីប្រតិបត្តិករបរទេស ដែលបានឆ្លៀតឱកាសយកឈ្មោះក្រុមហ៊ុនថៃ ទៅនាំចេញជើងមាន់ចូលទីផ្សារចិន។

លោក Nikhom បានឱ្យដឹងទៀតថា អគ្គរដ្ឋបាលគយចិន (GACC) បានរកឃើញថា បរិមាណនាំចេញពីថៃច្រើនហួសពីសមត្ថភាពផលិតកម្មក្នុងស្រុក ដែលនាំឱ្យមានការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់។ វិធានការនេះ បានធ្វើឱ្យខាតបង់ថវិកានាំចេញជាង ៣០ ពាន់លានបាត (ប្រមាណ ៨០០ លានដុល្លារ)។
អាជីវកម្មដែលរងផលប៉ះពាល់ បានដាក់ពាក្យបណ្តឹងទៅក្រសួងកសិកម្មថៃ ស្នើសុំឱ្យស៊ើបអង្កេតលើក្រុមអ្នករត់ពន្ធជើងមាន់ពីបរទេស ដែលប្រើសិទ្ធិនាំចេញរបស់ថៃ។ GACC ក៏បានផ្ញើលិខិតព្រមានចំនួន ៤ លើកតាំងពីខែកក្កដា ឆ្នាំ២០២៥ អំពីស្តង់ដារសុវត្ថិភាពចំណីអាហារ និងការអនុវត្តច្បាប់ខ្សោយ។

លោក Nikhom ព្រមានថា បើគ្មានចំណាត់ការទាន់ពេលទេ បញ្ហានេះអាចបំផ្លាញទំនុកចិត្តលើផលិតផលនាំចេញដទៃទៀតរបស់ថៃ និងប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន។ ក្រុមហ៊ុនមួយចំនួនអាចបង្ខំបិទរោងចក្រ ប៉ះពាល់ដល់កម្មកររាប់រយនាក់។
