ខេត្តស្វាយរៀង៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានអំពាវនាវឲ្យថ្នាក់ដឹកនាំយុវជនគណបក្សគ្រប់បណ្តាថ្នាក់រួបរួមគ្នាដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការញុះញង់មួលបង្កាច់ដែលកំណត់គោលដៅលើគណបក្ស និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

លោកបណ្ឌិតបានថ្លែងការណ៍នេះក្នុងឱកាសអញ្ជើញជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សខេត្តស្វាយរៀង» នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។
វេទិកានេះទាក់ទាញការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រួមមានលោក ប៉េង ពោធិ៍សា អនុប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង, លោក ហេង សុខណាង ប្រធានយុវជនគណបក្សខេត្តស្វាយរៀង ព្រមទាំងតំណាងផ្នែកចំណុះនៃយុវជនគណបក្សថ្នាក់កណ្តាល (យ.គ.ក.) សរុបចំនួន ៧៥៧ រូប។

មូលហេតុនៃការរៀបចំវេទិកានេះគឺដើម្បីស្តាប់នូវសុខទុក្ខ ក្តីកង្វល់ មតិយោបល់ និងសំណូមពររបស់យុវជនគណបក្ស ក្នុងទិសដៅពង្រឹងទំនុកចិត្តចំពោះថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧។
ក្នុងឱកាសនោះ លោកបណ្ឌិតបានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខកក់ក្តៅពីសម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល។
លោកបណ្ឌិតក៏បានគូសបញ្ជាក់ពីគោលជំហរដ៏ម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាឈ្លានពានដែនដីដោយសន្តិវិធី តាមរយៈការទូត និងច្បាប់អន្តរជាតិ ហើយបានអំពាវនាវឲ្យយុវជនគណបក្សទូទាំងប្រទេសបន្តភាពអត់ធ្មត់ និងជឿទុកចិត្តលើថ្នាក់ដឹកនាំដើម្បីទាមទារយកទឹកដីឈ្លានពានមកវិញ។

ទន្ទឹមនេះ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានស្នើឲ្យយុវជនគណបក្សសហការជាមួយគណៈកម្មាធិការគណបក្សខេត្តដើម្បីរៀបចំផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងត្រូវពង្រឹងរចនាសម្ព័ន្ធយុវជនគណបក្សនៅគ្រប់លំដាប់ថ្នាក់ ព្រមទាំងបំពាក់បំប៉នគោលជំហរ ទស្សនៈនយោបាយ និងសតិអារម្មណ៍ឲ្យបានជាប្រចាំ ដើម្បីធានាបាននូវភាពខ្លាំង និងជ័យជំនះរបស់គណបក្សនៅគ្រប់កាលៈទេសៈនៃការបោះឆ្នោត។
លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំយុវជនត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការការពារអាយុជីវិតប្រជាជន និងបូរណភាពទឹកដី ហើយត្រូវចូលរួមកម្លាំងសាមគ្គីជាតិដើម្បីការពារសន្តិភាព អធិបតេយ្យភាព និងអត្តសញ្ញាណជាតិខ្មែរឲ្យស្ថិតស្ថេរ។
ក្នុងនោះដែរ លោកបណ្ឌិតក៏បានជំរុញឲ្យយុវជនគណបក្សចូលរួមបំផុសការជឿជាក់លើថ្នាក់ដឹកនាំក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ បំផុសស្មារតីជាតិនិយម និងលើកទឹកចិត្តឲ្យប្រើប្រាស់ផលិតផលក្នុងស្រុក ព្រមទាំងបន្តគាំទ្រដល់កងទ័ពជួរមុខ និងជួយដល់គ្រួសារពលី និងជនពិការដោយសារសង្រ្គាម។
លោកបណ្ឌិតបានបញ្ចប់ការណែនាំដោយជំរុញឲ្យថ្នាក់ដឹកនាំយុវជនគ្រប់ថ្នាក់បង្កើនការផ្សព្វផ្សាយអំពីសកម្មភាពឈ្លានពានរបស់យោធាថៃ និងសមិទ្ធផលរបស់រដ្ឋាភិបាលឲ្យបានទូលំទូលាយតាមគ្រប់រូបភាព និងច្រើនភាសាតាមដែលអាចធ្វើទៅបាន៕
ដោយ៖ សិលា
