ខេត្តតាកែវ៖ កម្លាំងនគរបាលស្រុកបាទី ដឹកនាំដោយលោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការ បានបើកប្រតិបត្តិការចុះល្បាតបង្ក្រាបបទល្មើសគ្រឿងញៀន ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយដកហូតសារធាតុញៀនខុសច្បាប់ជិត៣០កញ្ចប់។

ប្រភពព័ត៌មានបានឲ្យដឹងថា ការចុះល្បាតនេះធ្វើឡើងនៅវេលាម៉ោង១៦:២០ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ក្នុងភូមិត្រពាំងត្រាវ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន ឈ្មោះ សារ៉ាន់ នីន ហៅ តូវឡូវ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិក្រាំងពោធិ៍ ឃុំពត់សរ ស្រុកបាទី។

វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ២៧កញ្ចប់, ទូរស័ព្ទដៃ ០១គ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
