វិបត្តិថ្មី! គុយបាប្រមូលទិញដ្រូនជាង ៣០០គ្រឿងពីរុស្ស៊ី និងអ៊ីរ៉ង់ អាមេរិកតក់ស្លុត

វិបត្តិថ្មី! គុយបាប្រមូលទិញដ្រូនជាង ៣០០គ្រឿងពីរុស្ស៊ី និងអ៊ីរ៉ង់ អាមេរិកតក់ស្លុត

រឿងរ៉ាវសម្ងាត់មួយបានផ្ទុះឡើង បន្ទាប់ពីសារព័ត៌មាន Axios បានទម្លាយកាលពីថ្ងៃទី ១៧ ខែឧសភាថា ប្រទេសគុយបាបានលួចប្រមូលទិញដ្រូនវាយប្រហារជាង ៣០០គ្រឿងពីរុស្ស៊ី និងអ៊ីរ៉ង់ ដែលធ្វើឲ្យសហរដ្ឋអាមេរិកព្រួយបារម្ភយ៉ាងខ្លាំង។

អ្វីដែលធ្វើឲ្យអាមេរិកអង្គុយមិនសុខនោះ គឺយោធាគុយបាបានជជែកគ្នាពីលទ្ធភាពប្រើប្រាស់ដ្រូនទាំងនោះ ដើម្បីវាយប្រហារលើគោលដៅសំខាន់ៗរបស់អាមេរិក រួមទាំងមូលដ្ឋានទ័ពជើងទឹកនៅ Guantanamo នាវាចម្បាំង និងទីក្រុងមួយចំនួនក្នុងរដ្ឋផ្លរីដា ប្រសិនបើទំនាក់ទំនងទ្វេភាគីឈានដល់ចំណុចបែកបាក់។

រឿងនេះបានធ្វើឲ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ចាត់ទុកគុយបាជាការគំរាមកំហែងថ្មី ស្របពេលដែលទីប្រឹក្សាយោធាអ៊ីរ៉ង់កំពុងមានវត្តមាននៅក្នុងប្រទេសគុយបាផងដែរ។ ភាពតានតឹងនេះខ្លាំងរហូតដល់ថ្នាក់លោក John Ratcliffe នាយក CIA ត្រូវធ្វើដំណើរទៅគុយបាដោយផ្ទាល់ ដើម្បីព្រមានចំៗថា កុំឲ្យហ៊ានធ្វើសកម្មភាពយោធាប្រឆាំងនឹងអាមេរិក និងបានប្រាប់ឲ្យគុយបាប្តូរប្រព័ន្ធនយោបាយ បើចង់ឲ្យអាមេរិកបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច។

បើតាមការវាយតម្លៃរបស់មន្ត្រីអាមេរិក គុយបាបានចាប់ផ្តើមទិញដ្រូនវាយប្រហារជាច្រើនប្រភេទពីរុស្ស៊ី និងអ៊ីរ៉ង់ តាំងពីឆ្នាំ ២០២៣ ហើយបានយកទៅពង្រាយនៅតាមតំបន់យុទ្ធសាស្ត្រសំខាន់ៗ ជុំវិញកោះរបស់ខ្លួន។ ចារកម្មអាមេរិកថែមទាំងចាប់បានព័ត៌មានថា ក្នុងខែចុងក្រោយនេះ តំណាងគុយបាកំពុងព្យាយាមទិញដ្រូន និងឧបករណ៍យោធាបន្ថែមទៀតពីរុស្ស៊ី។ គួរឲ្យកត់សម្គាល់ ស៊ើបការណ៍គុយបាកំពុងសិក្សាបទពិសោធន៍របស់អ៊ីរ៉ង់ក្នុងការប្រឈមមុខជាមួយអាមេរិក។

បន្ថែមពីនេះ ចារកម្មអាមេរិកដឹងថា គុយបាបានបញ្ជូនទាហានប្រហែល ៥ ០០០នាក់ទៅជួយរុស្ស៊ីច្បាំងនៅអ៊ុយក្រែន ហើយទាហានទាំងនោះបាននាំយកបទពិសោធន៍ពីប្រសិទ្ធភាពនៃដ្រូនក្នុងសមរភូមិទំនើបមកប្រាប់ថ្នាក់ដឹកនាំខ្លួនវិញ។ ទោះជាយ៉ាងណា អាមេរិកវាយតម្លៃថា គុយបាមិនទាន់មានបំណង ឬសមត្ថភាពបើកការវាយប្រហារភ្លាមៗមកលើខ្លួន ដូចវិបត្តិមីស៊ីលឆ្នាំ ១៩៦២ នោះទេ ប៉ុន្តែបច្ចុប្បន្នអាមេរិកបានបង្កើនការហោះហើរល្បាតស៊ើបការណ៍ជុំវិញប្រទេសកោះនេះយ៉ាងខ្លាំង ដើម្បីការពារទុកមុន៕

administrator

Related Articles