កែប៖ ក្រោយឧបទ្ទវហេតុសោកនាដកម្មលិចទូកស្មាច់បណ្តាលឱ្យម្តាយ និងកូនតូចៗចំនួន៣នាក់បាត់បង់ជីវិត លោក ហ៊ួរ មិថុនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប បានអំពាវនាវដល់ប្រជាពលរដ្ឋប្រកបរបរលើផ្ទៃសមុទ្រទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងរដូវវស្សានេះ ដោយអាចប្រឈមនឹងរលកធំៗ និងព្យុះ ដែលគំរាមកំហែងដល់អាយុជីវិត។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ១២:៥០នាទីរសៀល នៅចំណុចមុខឃ្លោងព្រែកសរសៀរ ភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប។ តាមរបាយការណ៍សមត្ថកិច្ច ក្នុងទូកមានមនុស្ស៤នាក់ក្នុងចំណោមនោះ បុរសឈ្មោះ រស់ សាម អាយុ៤០ឆ្នាំ បានរស់រានមានជីវិត រីឯប្រពន្ធអាយុ៣៨ឆ្នាំ និងកូនប្រុសពីរនាក់អាយុ១០ឆ្នាំ និង៨ឆ្នាំ បានបាត់បង់ជីវិតទាំងអស់។

ក្រោយទទួលបានដំណឹងភ្លាម លោក ហ៊ួរ មិថុនា បានដឹកនាំកម្លាំងចម្រុះចុះស្វែងរកជនរងគ្រោះភ្លាមៗ។ លុះព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ កម្លាំងចម្រុះបានរកឃើញសពជនរងគ្រោះទាំង៣នាក់ ហើយប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។

លោកអភិបាលរងខេត្តបានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋនៅតាមតំបន់មាត់សមុទ្រមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅពេលមានអាកាសធាតុមិនអំណោយផល ដូចជាព្យុះ ភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រធំៗ។

គួរបញ្ជាក់ថា រៀងរាល់រដូវវស្សាចូលមកដល់ រដ្ឋបាលខេត្តនៅជាប់សមុទ្ររួមមាន ខេត្តកែប កំពត ព្រះសីហនុ និងកោះកុង តែងតែចេញសេចក្តីជូនដំណឹងឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ពេលចេញទូកនេសាទ ក្នុងពេលមានអាកាសធាតុមិនល្អ៕
