ភ្នំពេញ៖ កើតហេតុការណ៍រន្ធត់មួយ នៅពេលដែលបុរសម្នាក់ ដែលត្រូវបានគេស្គាល់អត្តសញ្ញាណថាជាអតីតសមត្ថកិច្ចចូលនិវត្តន៍ បានប្រើប្រាស់កាំភ្លើងវែងមួយដើមធ្វើអត្តឃាត ដោយបាញ់សម្លាប់ខ្លួនឯង ខណៈដែលមូលហេតត្រូវបានសមត្ថកិច្ចកំពុងបន្តស្វែងរក។ 
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ៥:២០ ទៀបភ្លឺ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ស្ថិតក្បែរផ្លូវ៦០ម៉ែត្រ (ក្រោយផ្សាររាត្រី៦០ម៉ែត្រ) សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ភ្លាមៗក្រោយកើតហេតុ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកហ៊ុមព័ទ្ធខ្សែការពារកន្លែងកើតហេតុ។
បើតាមព័ត៌មានពីសាក្សីដែលបានដើរហាត់ប្រាណនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគាត់កំពុងដើរហាត់ប្រាណដូចរាល់ថ្ងៃ ស្រាប់តែប្រទះឃើញបុរសខាងលើដេកស្លាប់នៅកណ្តាលផ្លូវ ដោយមានកាំភ្លើងវែងមួយដើមនៅក្បែរខ្លួន និងម៉ូតូមួយគ្រឿងផងដែរ។ ភ្លាមៗនោះ គាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកដល់ទីតាំងនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញកោសល្យវិច័យបានចុះមកធ្វើការត្រួតពិនិត្យ និងធ្វើលិខិតប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតស្វែងរកមូលហេតុពិតប្រាកដនៃការធ្វើអត្តឃាតដ៏រន្ធត់នេះ។ ស ជី
