ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុសស្រីចំនួន ០៩នាក់ទៅតុលាការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីប្រើដុំថ្ម ដងឆ័ត្រ និងដាវវាយតប់ជនរងគ្រោះ ០៦នាក់ បណ្តាលឱ្យរងរបួស ព្រមទាំងកាប់បំផ្លាញម៉ូតូ និងឆក់យកទូរស័ព្ទដៃផងដែរ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីវេលាម៉ោង ១៩និង០០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ជនរងគ្រោះឈ្មោះ រ៉េត វិសាល អាយុ ២១ឆ្នាំ បានជិះម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ 1HZ-7108 ចេញពីផ្ទះនៅភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីមកមើលកម្មវិធីប្រដាល់នៅប៉ុស្តិ៍លេខ៥។
ពេលមកដល់ ជនរងគ្រោះឈ្មោះ រ៉េត វិសាល បានជួបជនរងគ្រោះឈ្មោះ ប៉ន ពេជ្រពន្លឺ អាយុ ២១ឆ្នាំ និងមិត្តភក្តិចំនួន ០៤នាក់ទៀត រួមមាន៖ ផល សីហា (អាយុ១៩ឆ្នាំ), ភា ភក្តី (អាយុ២២ឆ្នាំ), ប៉ែត (អាយុ២៧ឆ្នាំ) និងថាច (អាយុ២៣ឆ្នាំ)។ ក្រុមទាំងអស់បាននាំគ្នាទៅអង្គុយផឹកស៊ី និងមើលកម្មវិធីប្រដាល់នៅចំណុចផ្លូវបេតុងច្រកចូលបុរីចន្ទគិរីជាប់មាត់ស្ទឹងស្ពានបាក់ ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។
រហូតដល់វេលាម៉ោង ០១និង០០នាទី ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាប្រហែល ២៤នាក់ ជិះម៉ូតូប្រហែល ១២គ្រឿង មកដល់កន្លែងកើតហេតុ។ ក្រុមនេះបានប្រើដុំថ្ម ដងឆ័ត្រ និងដាវ កាប់ទៅលើជនរងគ្រោះឈ្មោះ ប៉ន ពេជ្រពន្លឺ បណ្តាលឱ្យរបួសក្បាល (ដេរចំនួន ១០ថ្នេរ) ព្រមទាំងកាប់បំផ្លាញម៉ូតូ HONDA DREAM C125 របស់ជនរងគ្រោះឈ្មោះ រ៉េត វិសាល និងឆក់យកផ្លាកលេខម៉ូតូ ព្រមទាំងទូរស័ព្ទដៃម៉ាក iPhone 14 Pro Max ពណ៌ស្វាយ រួចនាំគ្នាជិះម៉ូតូគេចខ្លួន។
ភ្លាមៗនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ដែលកំពុងល្បាតបានឃើញក្រុមជនសង្ស័យជិះម៉ូតូប្រដេញគ្នា កាន់ដាវ ដុំថ្ម និងដងឆ័ត្រ ក៏បានធ្វើអន្តរាគមន៍ ដេញតាមឃាត់ខ្លួនបានជនសង្ស័យចំនួន ០៩នាក់ រួមមាន៖ មួន រិទ្ធីស័ក្ត (អាយុ១៩ឆ្នាំ), សុង ពិសី (អាយុ១៤ឆ្នាំ), គីម សុផាន់និត (អាយុ១៥ឆ្នាំ), គីម សុផាត់នុ (អាយុ១៤ឆ្នាំ), រីន ហ៊ួ (អាយុ១៩ឆ្នាំ), ជា សីហា (អាយុ១៧ឆ្នាំ), ស្រី សុវណ្ណា (អាយុ១៧ឆ្នាំ), ភី ចន្នី (អាយុ២១ឆ្នាំ) និង ហ៊ុន សុខហៀង (ភេទស្រី អាយុ១៩ឆ្នាំ) ព្រមទាំងវត្ថុតាងជាច្រើន។
ក្រោយការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេនិងបក្ខពួក១៥នាក់ទៀត (រួមមានឈ្មោះ រាជ អាយុ១៩ឆ្នាំ, តូច អាយុ១៩ឆ្នាំ និង១៣នាក់ផ្សេងទៀតដែលកំពុងគេចខ្លួន) ពិតជាបានធ្វើសកម្មភាពដូច្នេះមែន។ ជនរងគ្រោះទាំងពីរនាក់បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យនិងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ភារ៉ា ដង្កោ
