វិមានក្រឹមឡាំង ប្រកាសថា អាវុធនុយក្លេអ៊ែរ ជាគ្រឹះសន្តិសុខជាតិរុស្ស៊ី ខណៈចរចាសន្តិភាពកំពុងតានតឹង

វិមានក្រឹមឡាំង ប្រកាសថា អាវុធនុយក្លេអ៊ែរ ជាគ្រឹះសន្តិសុខជាតិរុស្ស៊ី ខណៈចរចាសន្តិភាពកំពុងតានតឹង

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងកាលពីថ្ងៃអាទិត្យថា អាវុធនុយក្លេអ៊ែរ គឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិរបស់រុស្ស៊ី ដែលមិនអាចខ្វះបានឡើយ។ ការថ្លែងនេះធ្វើឡើងនៅពេលដែលស្ថានការណ៍ភូមិសាស្ត្រនយោបាយកំពុងមានភាពតានតឹង និងការចរចាសន្តិភាពនៅតែប្រទាញប្រទង់គ្នា។

រុស្ស៊ី នុយក្លេអ៊ែរ

លោក Peskov បានអះអាងថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី បានការពារប្រទេសពីការគំរាមកំហែងនានាយ៉ាងមានប្រសិទ្ធភាព។ លោកបានថ្លែងយ៉ាងម៉ឺងម៉ាត់ថា៖ «មហាអំណាចនុយក្លេអ៊ែរមិនអាចត្រូវបានគំរាមកំហែងទេ។ ប្រទេសរបស់យើងក៏មិនអាចត្រូវបានគំរាមកំហែងដែរ។ ទាំងនេះជាអ្វីដែលផ្តល់ឱ្យយើងនូវឱកាសដែលមានទំនុកចិត្តយ៉ាងប្រាកដប្រជា ហើយវាគឺជាមូលដ្ឋាននៃការទប់ស្កាត់នុយក្លេអ៊ែរ»។

ក្រៅពីបញ្ហាអាវុធ លោក Peskov ក៏បានអត្ថាធិប្បាយពីទំនាក់ទំនងជាមួយអឺរ៉ុបផងដែរ។ លោកចាត់ទុកការពិភាក្សាកាន់តែខ្លាំងនៅក្នុងសហភាពអឺរ៉ុប ពីការចរចាដែលអាចធ្វើទៅបានជាមួយរុស្ស៊ី ថាជា «ការផ្លាស់ប្តូរដ៏សំខាន់» ដែលស្ថិតក្នុងផលប្រយោជន៍របស់ទីក្រុងមូស្គូ។

លោកបន្តថា៖ «ការពិភាក្សាយ៉ាងសកម្មលើប្រធានបទនេះ ជាការផ្លាស់ប្តូរឆ្ពោះទៅរកគំនិតល្អមួយជាមួយរុស្ស៊ី។ វាជារឿងល្អ! រុស្ស៊ីមិនទទួលខុសត្រូវចំពោះការបែកបាក់ក្នុងការសន្ទនាជាមួយអឺរ៉ុបទេ ហើយក៏ចាប់អារម្មណ៍ក្នុងការកសាងទំនាក់ទំនងឡើងវិញ»។

Peskov Kremlin

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអះអាងថា រុស្ស៊ីបានអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែរដែលគ្មានសមភាគីណាមួយនៅលើពិភពលោកអាចយកឈ្នះបានឡើយ ខណៈទីក្រុងមូស្គូនៅតែបន្តធ្វើទំនើបកម្មកងកម្លាំងទប់ស្កាត់នុយក្លេអ៊ែររបស់ខ្លួន៕

administrator

Related Articles