គីម ជុងអ៊ុន ប្រកាសប្រែក្លាយព្រំដែនកូរ៉េខាងត្បូងជា «បន្ទាយដែក» មិនអោយខ្មាំងវាយទម្លុះបាន

គីម ជុងអ៊ុន ប្រកាសប្រែក្លាយព្រំដែនកូរ៉េខាងត្បូងជា «បន្ទាយដែក» មិនអោយខ្មាំងវាយទម្លុះបាន

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដាក់បញ្ជាយ៉ាងដាច់ខាតឲ្យកងទ័ពរបស់ខ្លួនពង្រឹងការការពារព្រំដែនភាគខាងត្បូង ដែលជាប់នឹងប្រទេសកូរ៉េខាងត្បូង ឲ្យទៅជា «បន្ទាយការពារដ៏រឹងមាំ ដែលគ្មាននរណាអាចវាយលុកបានឡើយ»។

គីម ជុងអ៊ុន

ប្រភពពីទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (KCNA) បានឲ្យដឹងថា ការណែនាំនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យ ជាមួយបណ្ដាមេបញ្ជាការកងពលធំ និងកងពលតូចទូទាំងកងទ័ពទាំងមូល។

នៅក្នុងកិច្ចប្រជុំនោះ លោក គីម ជុងអ៊ុន បានដាក់ចេញផែនការពង្រឹងកងឯកភាពជួរមុខ និងកងឯកភាពសំខាន់ៗដទៃទៀត ទាំងផ្នែកយោធា និងបច្ចេកទេស ដោយចាត់ទុកថា នេះជាការសម្រេចចិត្តដ៏សំខាន់មួយ ដើម្បីទប់ស្កាត់សង្គ្រាមឲ្យមានប្រសិទ្ធភាពជាងមុន។

លោកបានសង្កត់ធ្ងន់ថា៖ «យើងនឹងបង្កើតវិធានការចាត់តាំងនានា ដើម្បីធ្វើបច្ចុប្បន្នភាពកងទ័ពឡើងវិញ ទាំងរចនាសម្ព័ន្ធយោធា និងបច្ចេកវិទ្យាយោធា»។ លោកបន្តថា ការហ្វឹកហ្វឺនដើម្បីត្រៀមប្រយុទ្ធ គឺជាកាតព្វកិច្ចចម្បង ដោយតម្រូវឲ្យរៀបចំប្រព័ន្ធហ្វឹកហ្វឺនឡើងវិញ ស្របតាមសង្គ្រាមទំនើប។

គីម ជុងអ៊ុន

គួរកត់សម្គាល់ថា ការថ្លែងទាំងនេះកើតឡើងចំពេលដែលក្រុមបាល់ទាត់នារីកូរ៉េខាងជើង បានធ្វើដំណើរទៅកាន់កូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ ដែលជាទស្សនកិច្ចលើកដំបូងរបស់ក្រុមកីឡាកូរ៉េខាងជើងក្នុងរយៈពេលជិត ៨ ឆ្នាំ ដើម្បីចូលរួមប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Champions League៕

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles