ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងក្នុងកម្មវិធី Gunfighters Air Show នៅមូលដ្ឋានទ័ពអាកាស Mountain Home រដ្ឋ Idaho កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា បន្ទាប់ពីយន្តហោះចម្បាំងកងទ័ពជើងទឹកអាមេរិកប្រភេទ E/A-18G Growler ចំនួនពីរគ្រឿង បានបុកគ្នាយ៉ាងពេញទំហឹងកណ្តាលអាកាស ខណៈកំពុងហោះហើរបង្ហាញសមត្ថភាព។

តាមរយៈវីដេអូដែលថតបានដោយអ្នកទស្សនា បានបង្ហាញឱ្យឃើញទិដ្ឋភាពនៃការប៉ះទង្គិចគ្នាយ៉ាងខ្លាំង មុនពេលស្រាប់តែលេចចេញនូវឆ័ត្រយោងចំនួន ៤ ហោះអណ្តែតលើអាកាសភ្លាមៗ បន្ទាប់ពីយន្តហោះទាំងពីរបានធ្លាក់។ ទស្សនិកជនដែលកំពុងទស្សនាបានស្រែកហៅគ្នាចលាចល ប៉ុន្តែភ្លាមៗនោះអ្នកប្រកាសព័ត៌មានក្នុងកម្មវិធីបានជម្រាបជូនថា ពីឡុតកងទ័ពជើងទឹកអាមេរិកទាំង ៤ នាក់ ត្រូវបានរកឃើញដោយសុវត្ថិភាពហើយ។
ពួកគេបានលោតចេញពីយន្តហោះទាន់ពេលវេលា ដោយឆ័ត្រយោងបានធ្លាក់ចុះនៅចម្ងាយប្រហែលមួយម៉ាយ ភាគខាងត្បូងនៃកន្លែងធ្លាក់។ បច្ចុប្បន្ន មូលដ្ឋានទ័ពអាកាសត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន ដើម្បីបើកការស៊ើបអង្កេតយ៉ាងដិតដល់ រីឯកម្មវិធីពិព័រណ៍យន្តហោះដែលនៅសេសសល់ត្រូវបានលុបចោលទាំងស្រុង។
គួររំលឹកថា នេះជាលើកទីមួយក្នុងរយៈពេល ៨ឆ្នាំចុងក្រោយ ដែលពិព័រណ៍យន្តហោះនេះត្រូវបានប្រារព្ធឡើងវិញ។ កន្លងមក កម្មវិធីនេះធ្លាប់មានប្រវត្តិគ្រោះថ្នាក់ ដោយកាលពីឆ្នាំ ២០១៨ មានអ្នកបើកបរលោតឆ័ត្រយោងម្នាក់បានស្លាប់ និងឆ្នាំ ២០០៣ មានយន្តហោះចម្បាំង Thunderbird ធ្លាក់ តែពីឡុតបានលោតចេញដោយសុវត្ថិភាព។
