WHO ប្រកាសដាក់អេបូឡាកុងហ្គោជាអាសន្នសុខាភិបាល​អន្តរជាតិ ឆ្លងជិត ២៥០ករណី ស្លាប់៨០នាក់

WHO ប្រកាសដាក់អេបូឡាកុងហ្គោជាអាសន្នសុខាភិបាល​អន្តរជាតិ ឆ្លងជិត ២៥០ករណី ស្លាប់៨០នាក់

ក្រោយពិភពលោកកំពុងភ្នែកធំតាមដានវីរុសហាន់តា ឥឡូវនេះអង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការថា ការផ្ទុះជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ គឺជា”ភាពអាសន្នផ្នែកសុខាភិបាលសាធារណអន្តរជាតិ” (PHEIC) ធ្វើឲ្យពិភពលោកព្រួយបារម្ភជាថ្មី។

Ebola Congo

យោងតាមសេចក្តីប្រកាសរបស់ WHO ផ្សាយដោយ BBC កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ ជំងឺអេបូឡាបានផ្ទុះខ្លាំងនៅខេត្ត Ituri ដោយបង្កការឆ្លង ២៤៦ករណី និងមានមនុស្សស្លាប់ដល់ទៅ ៨០នាក់។

យ៉ាងណាក៏ដោយ WHO អះអាងថា ស្ថានភាពបច្ចុប្បន្ន មិនទាន់ឈានដល់ការប្រកាសគ្រាអាសន្ន ជំងឺរាតត្បាតជាសកលនៅឡើយទេ។

ការផ្ទុះអេបូឡានៅកុងហ្គោពិតជាធ្ងន់ធ្ងរ ពោលគឺវាក៏រាលដាលដល់ប្រទេសជិតខាងដូចជា អ៊ូហ្គង់ដា ផងដែរ មានទាំងករណីស្លាប់ទៀតផង។ ដោយសារតែក្តីបារម្ភនេះហើយ ប្រទេសជិតខាងកុងហ្គោទាំងឡាយ សុទ្ធតែរឹតដ្បិតច្រកព្រំដែន និងដាក់ចេញនូវវិធានការតឹងរ៉ឹង ដើម្បីបង្ការករណីនាំចូល។

Ebola Situation

ទន្ទឹមនោះដែរ WHO បានជំរុញឲ្យកុងហ្គោ និងអ៊ូហ្គង់ដា ត្រូវអនុវត្តវិធីសាស្រ្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ខ្លួន ដើម្បីទប់ស្កាត់ស្ថានការណ៍អាក្រក់ណាមួយដែលអាចកើតឡើង។

សូមជម្រាបថា ជំងឺអេបូឡាដែលផ្ទុះឡើងពេលនេះ គឺជាវីរុសប្រភេទថ្មី ឈ្មោះ “Bundibugyo” ពោលគឺមិនមែនជាប្រភេទ Zaire ដែលធ្លាប់កើតមានពីមុនៗនោះទេ។ វាជាជំងឺឆ្លងធ្ងន់ធ្ងរ និងបង្កគ្រោះថ្នាក់ដល់ជីវិតយ៉ាងលឿន ដែលតែងតែលាក់ខ្លួននៅក្នុងតំបន់ព្រៃទឹកភ្លៀងដ៏ធំធេងរបស់កុងហ្គោ ហើយវាអាចឆ្លងរាលដាលតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយរាងកាយរបស់អ្នកជំងឺ ដូចជា ឈាម ទឹកមាត់ ឬក្អួត សម្ភារៈដែលមានមេរោគ ឬការប៉ះពាល់សាកសពរបស់អ្នកដែលបានស្លាប់ដោយសារជំងឺនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles