កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបក្រុមក្មេងទំនើងចំនួន៥នាក់ ដែលជិះម៉ូតូដេញកាប់គ្នាយ៉ាងអនាធិបតេយ្យតាមបណ្តោយផ្លូវជាតិលេខ៤៤ ស្ថិតនៅភូមិកាប់ទូក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ដោយយោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នាវេលាម៉ោង០៣:២៦នាទីទៀបភ្លឺ មានជនសង្ស័យមួយក្រុមចំនួន០៦នាក់ ជិះម៉ូតូចំនួន០៣គ្រឿង បានកាន់កាំបិតផ្កាក់ដេញកាប់មកលើក្រុមរបស់គាត់ដែលមានគ្នាចំនួន០៦នាក់ផងដែរ។

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ដែលពាក់ព័ន្ធនឹងករណីហិង្សាមានស្ថានទម្ងន់ទោស។

នៅវេលាម៉ោង១៣:២១នាទីរសៀល កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យទីមួយឈ្មោះ ហាក់ ដាវី ភេទប្រុស អាយុ១៥ឆ្នាំ។ ក្រោយមកបានបន្តឃាត់ខ្លួនជនសង្ស័យបន្ថែមទៀតមានឈ្មោះ សំ ពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ, សុខុន សិរីសុភ័ក្រ្ភ ភេទប្រុស អាយុ១៦ឆ្នាំ, រស់ តុលា ភេទប្រុស អាយុ២៥ឆ្នាំ។

លុះដល់វេលាម៉ោង១៦:៣៩នាទីល្ងាច ថ្ងៃដដែល កម្លាំងជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យបន្ថែមទៀតឈ្មោះ មុី បូរិន្ទ ភេទប្រុស អាយុ១៦ឆ្នាំ ស្ថិតនៅភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។

វត្ថុតាងដែលចាប់បានរួមមាន៖ ម៉ូតូចំនួន០២គ្រឿង និងកាំបិតផ្កាក់ចំនួន០២ដើម។ បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងនីតិវិធីបន្ត។


