ខេត្តបាត់ដំបង៖ ក្រុមក្មេងទំនើងចំនួន២ក្រុម បានវាយតប់គ្នាយ៉ាងសន្ធៅសន្ទះនៅរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ឧសភា លើផ្លូវខាងកើតស្ពានវត្តគរត្រើយខាងកើត ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ។

តាមឃ្លីបវីដេអូដែលគេថតបាន បង្ហាញថាភាគីម្ខាងបានព្យាយាមរត់ចូលផ្ទះគេ ខណៈភាគីម្ខាងទៀតជិះម៉ូតូដេញតាមវាយ និងគប់ដុំថ្មយ៉ាងស្អិតរមួត មិនបន្ធូរដៃ។ ជនម្នាក់ដែលពាក់មួកសុវត្ថិភាពបានរត់យ៉ាងត្រដាបត្រដួស ដួលប្រកាច់ប្រកិនច្រើនដងនៅលើផ្លូវ។


អ្នកឃើញហេតុការណ៍បានឲ្យដឹងថា ភាគីឈ្នះបានគប់ដុំថ្មខុសមនុស្ស ទៅត្រូវរថយន្តស៊េរីទំនើបមួយគ្រឿងដែលចតក្បែរកន្លែងកើតហេតុ។


រសៀលថ្ងៃដដែល លោក យុត តុងហូ អធិការស្រុកសង្កែ ប្រាប់ថាលោកមិនទាន់ទទួលបានព័ត៌មានពីហេតុការណ៍នេះនៅឡើយទេ សូម្បីតែមន្ត្រីប៉ុស្ដិ៍រដ្ឋបាលក៏មិនទាន់ដឹងដែរ។ យ៉ាងណាក៏ដោយ លោកបញ្ជាក់ថាមន្ត្រីជំនាញកំពុងចុះស្រាវជ្រាវដល់ចំណុចកើតហេតុហើយ។


