ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចរថយន្ត Toyota Prius ពាក់ផ្លាកលេខ ភ្នំពេញ 2BT-9321 ពីមូលដ្ឋានក្នុងខណ្ឌមានជ័យ រួចបើករត់គេចខ្លួនតាមបណ្តោយផ្លូវជាតិលេខ ២ ក្នុងល្បឿនលឿន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៦ និង ៤០នាទីយប់ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចខាងមុខក្រសួងមហាផ្ទៃ តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីជនរងគ្រោះ នៅពេលជនសង្ស័យបើកគេចខ្លួនមកដល់ចំណុចខាងមុខក្រសួងមហាផ្ទៃ ស្រាប់តែរេចង្កូតទៅបុករះរថយន្តម៉ាក Toyota Raize ពាក់ផ្លាកលេខ កម្ពុជា K.H.7172 និងកង់បីឥណ្ឌា ពាក់ផ្លាកលេខ ភ្នំពេញ 1HV-5499 ហើយបានរុញទៅបុកផ្ទប់ជាមួយរថយន្តម៉ាក Lexus RX330 ពាក់ផ្លាកលេខ 2AS-9396 បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។

ភ្លាមៗបន្ទាប់ពីកើតហេតុ សមត្ថកិច្ចខណ្ឌចំការមនបានចុះទៅឃាត់ខ្លួនជនសង្ស័យរួចរងចាំសមត្ថកិច្ចខណ្ឌមានជ័យ ដើម្បីមកយកទៅសួរនាំបន្តតាមនីតិវិធីច្បាប់។ ចំពោះរថយន្តទាំង ០៣គ្រឿង រួមទាំងកង់បីឥណ្ឌា ម្ចាស់សម្រេចយកទៅជួសជុលដោយខ្លួនឯង។


