ទីក្រុងឡាហាវ៉ា៖ ភាពតានតឹងរវាងគុយបា និងសហរដ្ឋអាមេរិកកំពុងឡើងកម្តៅខ្លាំង បន្ទាប់ពីមានការលេចធ្លាយព័ត៌មានសម្ងាត់ថា រដ្ឋាភិបាលទីក្រុងឡាហាវ៉ាបានលួចប្រមូលទិញដ្រូនវាយប្រហារជាង ៣០០គ្រឿង។ ប៉ុន្តែភាគីគុយបាបានចេញមុខប្រតិកម្មយ៉ាងខ្លាំងក្លា ដោយចោទប្រកាន់ថា នេះជារឿងប្រឌិតរបស់អាមេរិកសុទ្ធសាធ។
កាលពីថ្ងៃទី១៧ ខែឧសភា រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានចេញមុខចោទប្រកាន់សហរដ្ឋអាមេរិកចំៗថា បានប្រឌិត «រឿងរ៉ាវភូតកុហក» នេះឡើង ក្នុងបំណងយកទៅធ្វើជាលេស ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែម និងត្រៀមលក្ខណៈលូកដៃផ្នែកយោធាមកលើប្រទេសរបស់លោក។
ការបកស្រាយរបស់លោក Rodriguez ធ្វើឡើងភ្លាមៗ បន្ទាប់ពីសារព័ត៌មាន Axios ចុះផ្សាយព័ត៌មានស៊ើបការណ៍សម្ងាត់ ដោយចោទថា គុយបាបានពិភាក្សាពីផែនការប្រើប្រាស់ដ្រូន ទៅវាយប្រហារមូលដ្ឋានទ័ពជើងទឹកអាមេរិក នៅឈូងសមុទ្រ Guantanamo នាវាចម្បាំង និងទីក្រុងមួយចំនួនក្នុងរដ្ឋផ្លរីដា។ លោក Rodriguez បានសរសេរនៅលើបណ្តាញសង្គមដោយសង្កត់ធ្ងន់ថា គុយបាមិនដែលគំរាមកំហែង ឬចង់បង្កើតសង្គ្រាមឡើយ ប៉ុន្តែអ្វីដែលកំពុងធ្វើ គឺគ្រាន់តែរៀបចំខ្លួនប្រឈមមុខនឹងការឈ្លានពានពីខាងក្រៅ ស្របតាមសិទ្ធិការពារខ្លួនស្របច្បាប់តាមធម្មនុញ្ញអង្គការសហប្រជាជាតិ (UN) តែប៉ុណ្ណោះ។
យ៉ាងណាមិញ បើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ព័ត៌មានសម្ងាត់រឿងដ្រូននេះ បានក្លាយជាហេតុផលចម្បងដែលធ្វើឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ចាត់ទុកគុយបាជាការគំរាមកំហែងលំដាប់ខ្ពស់ ដោយសារតែការវិវត្តនៃបច្ចេកវិទ្យាសង្គ្រាមដ្រូន និងវត្តមានទីប្រឹក្សាយោធាអ៊ីរ៉ង់នៅលើកោះនេះ។ ស្ថានការណ៍កាន់តែឡើងកម្តៅ បន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិកបង្ហើបពីផែនការត្រៀមចោទប្រកាន់អតីតមេដឹកនាំគុយបា លោក Raul Castro វ័យ ៩៤ឆ្នាំ ពីបទពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្តហោះមនុស្សធម៌កាលពីឆ្នាំ ១៩៩៦។
ការរៀបចំចោទប្រកាន់និមិត្តរូបបដិវត្តន៍ដ៏មានឥទ្ធិពលរូបនេះ គឺជាយុទ្ធសាស្ត្របង្កើនសម្ពាធយ៉ាងធ្ងន់ធ្ងរពីរដ្ឋបាលលោក ត្រាំ ដែលជានិច្ចកាលតែងតែរិះគន់រដ្ឋាភិបាលកុម្មុយនិស្តគុយបា។ កន្លងមក អាមេរិកធ្លាប់បានប្រើប្រាស់ប្រព័ន្ធច្បាប់ប្រឆាំងនឹងមេដឹកនាំបរទេស ដើម្បីធ្វើជាលេសបើកផ្លូវដល់ការធ្វើអន្តរាគមន៍យោធារួចមកហើយ ដូចជាករណីចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ កាលពីខែមករាកន្លងទៅនេះ ខណៈលោក ត្រាំ ធ្លាប់បានព្រមានថា ប្រទេសបន្ទាប់គឺ «គុយបា» នេះឯង៕
