រាជធានីភ្នំពេញ ៖ ក្រសួងយុត្តិធម៌បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវលេខទូរស័ព្ទ តេឡេក្រាម (Telegram) និង CoolApp ដើម្បីទទួលបណ្ដឹងរាយការណ៍ពីប្រជាពលរដ្ឋ ក្នុងករណីមានភាពមិនប្រក្រតីនៅតាមតុលាការទូទាំងប្រទេស។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ស្តីពីការផ្សព្វផ្សាយនូវ «លេខទូរស័ព្ទ ព្រមទាំង QR Code តេឡេក្រាម និង CoolApp ទទួលពាក្យបណ្តឹង» នេះ ត្រូវបានធ្វើឡើងក្នុងក្របខ័ណ្ឌនៃយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ព្រមទាំងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនានា។
ការបើកប៉ុស្តិ៍ទទួលបណ្តឹងនេះ គឺជាការបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការចូលរួមតាមដាន និងផ្តល់ព័ត៌មានទាក់ទងនឹងភាពមិនប្រក្រតីនៅតាមស្ថាប័នតុលាការ ដោយធានានូវភាពសម្ងាត់ និងការឆ្លើយតបទាន់ពេលវេលា។ នេះជាជំហានថ្មីមួយទៀតរបស់ក្រសួងយុត្តិធម៌ ក្នុងការពង្រឹងតម្លាភាព និងគណនេយ្យភាពនៃប្រព័ន្ធតុលាការកម្ពុជា៕
