កម្លាំងយោធាថៃប្រចាំតាមខ្សែបន្ទាត់ព្រំដែនបានធ្វើឲ្យភ្ញាក់ផ្អើល ក្រោយឃាត់ខ្លួនជនជាតិថៃ ២នាក់ដែលជាប្តីប្រពន្ធ ខណៈកំពុងដឹកជញ្ជូនបារីគេចពន្ធពីកម្ពុជាចូលទៅប្រទេសថៃ ដោយរឿងគួរឲ្យតក់ស្លុតនោះ គឺបុរសជាប្តីត្រូវបានរាយការណ៍ថាជាមន្ត្រីយោធាខ្លួនឯង!

ប្រតិបត្តិការនេះបានធ្វើឡើងនៅយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិថាប់ភ្រិក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ បន្ទាប់ពីកម្លាំងជំនាញបានសង្កេតឃើញសកម្មភាពគួរឲ្យសង្ស័យរបស់រថយន្តមួយគ្រឿង ដែលតែងតែធ្វើដំណើរចេញចូលតំបន់ព្រំដែនជាញឹកញាប់នៅពេលយប់។
តាមការស៊ើបអង្កេត សមត្ថកិច្ចបានរកឃើញរថយន្តម៉ាក Honda Jazz ពណ៌ស ពាក់ស្លាកលេខខេត្តឈុនបុរី មានសភាពផ្ទុកធ្ងន់ខុសធម្មតា ទើបដាក់កម្លាំងតាមដានរហូតដល់ពេលចាប់ខ្លួន។ មុនពេលប្រតិបត្តិការ សមត្ថកិច្ចបានឃើញបុរសជនជាតិខ្មែរ ២នាក់ លីកេសឆ្លងដែនមកប្រគល់បារីឲ្យភាគីថៃ និងជួយលើកដាក់ក្នុងរថយន្ត។ ទោះជាយ៉ាងណា ក្រោយសមត្ថកិច្ចបង្ហាញខ្លួន ជនជាតិខ្មែរទាំងនោះបានរត់គេចខ្លួនត្រឡប់ទៅទឹកដីកម្ពុជាវិញភ្លាមៗ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមាន៖
- វីសាឡុត ចាន់ចិន្តា អាយុ ៤០ឆ្នាំ (ប្តី) ជាមន្ត្រីយោធានៅខេត្តស្រះកែវ
- វ៉ាត់ឆារ៉ាផន អ៊ិនអន អាយុ ៤១ឆ្នាំ (ភរិយា)
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរឹបអូសបារីបរទេសគេចពន្ធចម្រុះម៉ាកចំនួន ២០ កេសធំ ស្មើនឹងប្រហែល ៩,៨០០ កញ្ចប់ ដែលមានតម្លៃរាប់លានបាត។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលឃ្លងណាំសៃ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ករណីនេះបានបង្កឲ្យមានសំណួរពីមជ្ឈដ្ឋានសាធារណៈយ៉ាងខ្លាំងថា ហេតុអ្វីបានជាសកម្មភាពនាំបារីឆ្លងដែនពីកម្ពុជាចូលទៅថៃនៅតែអាចប្រព្រឹត្តទៅបានជាបន្តបន្ទាប់ និងតើតំបន់ណាខ្លះដែលកំពុងមានភាពចន្លោះក្នុងការគ្រប់គ្រងព្រំដែន?
