ប្រតិបត្តិការណ៍ខ្ទប់គ្រឿងអេឡិចត្រូនិកជាង៩០០គ្រឿង​ និងជនបរទេស១០៤នាក់នៅមជ្ឈមណ្ឌលព្រីសន៍ ពាក់ព័ន្ធការឆបោកតាមអនឡាញ និងស្នាក់នៅខុសច្បាប់

ប្រតិបត្តិការណ៍ខ្ទប់គ្រឿងអេឡិចត្រូនិកជាង៩០០គ្រឿង​ និងជនបរទេស១០៤នាក់នៅមជ្ឈមណ្ឌលព្រីសន៍ ពាក់ព័ន្ធការឆបោកតាមអនឡាញ និងស្នាក់នៅខុសច្បាប់

ភ្នំពេញ៖ ក្រោមការបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបទីតាំងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងស្នាក់នៅខុសច្បាប់ ស្ថិតនៅអគារ A និងអគារ B នៃមជ្ឈមណ្ឌល ព្រីសន៍ ផ្លាហ្សា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រតិបត្តិការបង្ក្រាប Online Scams

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដឹកនាំដោយលោក ប៉ាង ណារ៉េន អនុប្រធានប្រចាំការលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដោយមានការសហការពីគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក ហ៊ុន សុរិទ្ធី អភិបាលរង, ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា និងឧត្តមសេនីយ៍ត្រី ស ថេន និងការសម្របសម្រួលនីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ កម្លាំងចម្រុះបានត្រួតពិនិត្យរកឃើញមនុស្សសរុបចំនួន ១០៤នាក់ និងសម្ភារៈវត្ថុតាងជាច្រើនសន្ធឹកសន្ធាប់ដូចតទៅ៖

ដកហូតសម្ភារៈប្រព្រឹត្តបទល្មើស

  • ជនបរទេសពាក់ព័ន្ធបទល្មើស Online Scams៖ ចំនួន ៨៣នាក់ (ស្រី៥នាក់) មាន ២សញ្ជាតិ រួមមាន ជនជាតិចិន ៨២នាក់ (ស្រី៤នាក់) និងជនជាតិវៀតណាម ១នាក់។
  • ជនបរទេសពាក់ព័ន្ធការស្នាក់នៅខុសច្បាប់៖ ចំនួន ២១នាក់ (ស្រី២នាក់) មាន ៥សញ្ជាតិ។

សម្ភារៈវត្ថុតាងសរុបរួមមាន៖ កុំព្យូទ័រលើតុ (All In One) ៧៧គ្រឿង, កុំព្យូទ័រយួរដៃ (LAPTOP) ៣៦គ្រឿង, IPAD ៥គ្រឿង, ម៉ូនីទ័រ (MONITOR) ៤គ្រឿង, ទូរស័ព្ទដៃ ៨០០គ្រឿង និងធុង CPU ៦គ្រឿង។

វត្ថុតាងដកហូតបាន

ក្រោយប្រតិបត្តិការ កម្លាំងជំនាញបានបញ្ជាក់ថា ជនសង្ស័យបានប្រើប្រាស់ទីតាំងខាងលើក្នុងការប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពអូសទាញឲ្យវិនិយោគ (Investment Scams)។ បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តនីតិវិធីច្បាប់ប្រឆាំងនឹងជនសង្ស័យទាំងអស់។

administrator

Related Articles