សេតវិមានបានប្រកាសកាលពីថ្ងៃអាទិត្យថា ចិនបានប្ដេជ្ញាទិញផលិតផលកសិកម្មអាមេរិកយ៉ាងហោចណាស់ ១៧ ប៊ីលានដុល្លារក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ ២០២៦, ២០២៧ និង ២០២៨។ ការប្ដេជ្ញាចិត្តនេះធ្វើឡើងក្នុងជំនួបរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំងកាលពីសប្ដាហ៍មុន។
គួរបញ្ជាក់ថា តួលេខ ១៧ ប៊ីលានដុល្លារនេះ មិនរាប់បញ្ចូលការទិញសណ្ដែកសៀងដែលចិនបានប្ដេជ្ញាក្នុងខែតុលា ឆ្នាំ ២០២៥ នោះទេ។ ការទិញផលិតផលកសិកម្មអាមេរិករបស់ចិនបានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីជម្លោះពាណិជ្ជកម្មផ្ទុះឡើងជាថ្មី ដោយទិន្នន័យក្រសួងកសិកម្មអាមេរិកបង្ហាញថា ការនាំចេញទៅចិនបានធ្លាក់ចុះ ៦៥,៧% មកត្រឹម ៨,៤ ប៊ីលានដុល្លារនៅឆ្នាំ ២០២៥។
សេតវិមានបន្ថែមថា ចិននឹងសហការជាមួយនិយតករអាមេរិកដើម្បីលុបចោលការផ្អាកទិញសាច់គោ និងបន្តទិញសាច់មាន់ និងបក្សីវិញ។ ជាមួយគ្នានេះ ចិននឹងបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្ម និងវិនិយោគសហរដ្ឋអាមេរិក-ចិន ដើម្បីដោះស្រាយក្ដីបារម្ភអំពីការចូលទីផ្សារ ក្រោមក្របខណ្ឌកាត់បន្ថយពន្ធបដិការ។
