ប្រធានាធិបតីអាមេរិក លោក Donald Trump បន្តបង្ហាញជំហរតឹងរឹងប្រឆាំងនឹងអ៊ីរ៉ង់ ខណៈរបាយការណ៍ថ្មីបង្ហើបថា វ៉ាស៊ីនតោនកំពុង “រៀបចំយ៉ាងហ្មត់ចត់” សម្រាប់លទ្ធភាពនៃការបន្តប្រតិបត្តិការយោធា ប្រសិនបើកិច្ចចរចាសន្តិភាពឈានដល់ទីបញ្ចប់។

កាលពីថ្ងៃទី ១៦ ខែឧសភា លោក Trump បានបង្ហោះវីដេអូមួយនៅលើ Truth Social ដោយធ្វើត្រាប់តាមការបញ្ជាឱ្យបាញ់ទម្លាក់យន្តហោះដែលមានទង់ជាតិអ៊ីរ៉ង់។ សកម្មភាពនេះកើតឡើងបន្ទាប់ពីលោកបដិសេធសំណើសន្តិភាពថ្មីបំផុតរបស់តេហេរ៉ង់ ដោយចាត់ទុកថាជា “កិច្ចព្រមព្រៀងដែលមិនអាចទទួលយកបាន”។
ក្នុងបទសម្ភាសន៍ជាមួយ Fox News នៅយប់ថ្ងៃទី ១៥ ឧសភា លោក Trump បានសង្កត់ធ្ងន់ថា អាមេរិកបានវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំងក្លារួចហើយ ប៉ុន្តែនៅតែ “អត់ធ្មត់” លើគោលដៅយុទ្ធសាស្ត្រមួយចំនួន។

លោក Trump បានប្រកាសថា៖ “យើងបានវាយប្រហារពួកគេយ៉ាងខ្លាំង។ យើងបានទុកស្ពានរបស់ពួកគេឱ្យនៅដដែល ទុកខ្សែភ្លើងរបស់ពួកគេ។ ប៉ុន្តែយើងអាចបំផ្លាញវាទាំងអស់ក្នុងរយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ”។
លោក Jon Hoffman អ្នកជំនាញគោលនយោបាយការពារជាតិ បានមានប្រសាសន៍ថា ហានិភ័យនៃការកើនឡើងជម្លោះគឺពិតប្រាកដ។ លោកបន្តថា៖ “ខ្ញុំប្រាកដថាការរៀបចំកំពុងដំណើរការ។ លោក Trump មិនចុះចាញ់នឹងការទាមទារដ៏តឹងរ៉ឹងរបស់គាត់ទេ ហើយអ៊ីរ៉ង់ក៏មិនមានឆន្ទៈក្នុងការបោះបង់ឥទ្ធិពលយុទ្ធសាស្ត្ររបស់ខ្លួនដែរ”។

រដ្ឋមន្ត្រីក្រសួងការពារជាតិ Pete Hegseth បានបញ្ជាក់ទៅកាន់សភាថា មន្ទីរបញ្ចកោណបានត្រៀមផែនការគ្រប់ជ្រុងជ្រោយ។ លោក Hegseth បានមានប្រសាសន៍ថា៖ “យើងមានផែនការដើម្បីឈានទៅមុខប្រសិនបើចាំបាច់។ យើងក៏មានផែនការដកថយប្រសិនបើចាំបាច់ផងដែរ”។
យោងតាមកាសែត The New York Times សហរដ្ឋអាមេរិកកំពុងត្រៀមខ្លួនសម្រាប់ការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ ដែលអាចនឹងកើតឡើងនៅដើមសប្តាហ៍ក្រោយ ខណៈមន្ត្រីមជ្ឈិមបូព៌ាបានបង្ហើបថា សេណារីយ៉ូដែលកំពុងត្រូវបានពិចារណារួមមានយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំផងដែរ៕
ដោយ៖ ធីរីណា (រូបថត៖ X)
