ម្ដងហើយម្ដងទៀត ចាប់តាំងពីផ្ទុះសង្គ្រាមខែកុម្ភៈមក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែងតែគំរាមអ៊ីរ៉ង់ ទាំងសម្ដីផ្ទាល់ និងបង្ហោះលើបណ្ដាញសង្គម។ ពេលនេះ លោកសម្លុតក្រុងតេហេរ៉ង់ទៀតថា ពួកគេនឹងគ្មានសល់អ្វីឡើយ។
ក្នុងសារបង្ហោះលើ Truth Social កាលពីថ្ងៃអាទិត្យ ទី១៧ ឧសភា ២០២៦ ប្រមុខសេតវិមានវ័យ ៧៩ឆ្នាំ សរសេរថា៖ «សម្រាប់អ៊ីរ៉ង់ ពេលវេលាកំពុងដើរទៅមុខ ហើយពួកគេគួរធ្វើសកម្មភាពឲ្យលឿន បើមិនដូច្នេះទេ នឹងគ្មានអ្វីសេសសល់ឡើយ»។

ការគំរាមនេះ កើតឡើងក្រោយកិច្ចចរចាសន្តិភាពជាប់គាំង ហើយគេមើលឃើញថា លោកត្រាំអាចបើកការវាយប្រហារអ៊ីរ៉ង់ឡើងវិញ។ នេះក៏ព្រោះលោកត្រាំក្ដៅក្រហាយ ក្រោយទម្លាយថា អាមេរិក និងអ៊ីរ៉ង់ធ្លាប់ឯកភាពលើកិច្ចព្រមព្រៀងជាច្រើន ប៉ុន្តែខាងអ៊ីរ៉ង់តែងបដិសេធវិញ។
ក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃសុក្រ លោកត្រាំថ្លែងថា៖ «យើងឈានដល់ការព្រមព្រៀងយ៉ាងច្បាស់លាស់ ប៉ុន្តែពេលពួកគេយល់ព្រម ដល់ថ្ងៃបន្ទាប់វិញ ពួកគេធ្វើដូចជាយើងមិនធ្លាប់និយាយគ្នា»។

មេដឹកនាំអាមេរិកអះអាងទៀតថា កិច្ចព្រមព្រៀងនោះមានទាំងការឲ្យអ៊ីរ៉ង់ប្រគល់សារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់ទាំងអស់មកអាមេរិក។ បច្ចុប្បន្នអាមេរិកកំពុងតាមដានតំបន់នោះយ៉ាងតឹងរ៉ឹងដោយកាមេរ៉ាកងទ័ពអវកាស ៩គ្រឿង។
លោកត្រាំទម្លាយថា មូលហេតុដែលចរចារអាក់រអួល គឺដោយសារជម្លោះផ្ទៃក្នុង និងភាពមិនច្បាស់លាស់ក្នុងជួរថ្នាក់ដឹកនាំអ៊ីរ៉ង់៕
