ខេត្តកំពង់ចាម៖ ក្រុមក្មេងទំនើង២ក្រុមបានបង្កហេតុវាយតប់គ្នាយ៉ាងឃោរឃៅ គប់កែវស្រាផ្តេសផ្តាសដូចភាពយន្តហុងកុង នៅក្លឹប Triple ក្បែរមាត់ទន្លេ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម រហូតមកដល់ល្ងាចថ្ងៃទី៣ ឧសភា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចមិនទាន់ឃាត់ខ្លួនជនសង្ស័យណាម្នាក់បាននៅឡើយទេ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនើងទាំងពីរក្រុមបាននាំគ្នាចូលផឹកស៊ីក្នុងក្លឹប ហើយបានបង្កវាយគ្នាបន្តបន្ទាប់រហូតដល់ពីរលើក ដោយលើកចុងក្រោយកើតឡើងនៅរំលងអធ្រាត្រថ្ងៃទី១ ឈានចូលព្រឹកថ្ងៃទី២ ឧសភា។ មូលហេតុដំបូងគឺការទំនាស់ពាក្យសម្ដីនៅខាងក្នុង ឈានទៅយកកែវស្រាគប់ដាក់គ្នា និងប្រើកម្លាំងបាយវាយតប់គ្នា បណ្ដាលឲ្យអ្នករងរបួសប៉ោងមុខប៉ោងភ្នែកជាច្រើននាក់។
ក្រោយពេលកើតហេតុ លោកអធិការនគរបាលក្រុងកំពង់ចាមបានចាត់កម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ចាម សហការជាមួយជំនាញព្រហ្មទណ្ឌក្រុង ចុះពិនិត្យកន្លែងកើតហេតុកាលពីព្រឹកថ្ងៃទី២ ឧសភា។ សមត្ថកិច្ចបានប្រាប់ថា គេស្គាល់អត្តសញ្ញាណក្រុមក្មេងទំនើងទាំងនោះថា មកពីស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ជនរងគ្រោះរហូតដល់ទៅបីនាក់បានដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងរួចរាល់ហើយ។
ចំពោះមូលហេតុពិតប្រាកដដែលនាំឲ្យមានការវាយតប់គ្នានេះ សមត្ថកិច្ចមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ ហើយសំណុំរឿងត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត។
គួររំលឹកថា កន្លងទៅថ្មីៗនេះដែរ មានក្រុមក្មេងទំនើងមួយក្រុមទៀតបានប្រើកាំបិតតាំងតោកាប់ជនរងគ្រោះឈ្មោះ ខាន់ ខាក់មៈ អាយុ១៦ឆ្នាំ បណ្ដាលឲ្យដាច់កដៃឆ្វេងពិការភាពមួយជីវិត នៅក្បែរក្លឹប Triple ដដែលនេះ ចម្ងាយជាង១០០ម៉ែត្រ។ ក្រោយហេតុការណ៍នោះ សមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនក្មេងទំនើងចំនួន២នាក់យកទៅឃុំឃាំងនៅពន្ធនាគាររួចហើយ។
យោងតាមប្រសាសន៍របស់សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា ក្មេងទំនើងដែលបង្កសកម្មភាពក្នុងមូលដ្ឋានខេត្តណាមួយ បើសមត្ថកិច្ចចាប់បាន ត្រូវបញ្ជូនទៅឲ្យជីកលេណដ្ឋាននៅជួរមុខព្រំដែនកម្ពុជា-ថៃ។
