ខេត្តស្វាយរៀង៖ ឃាត់ខ្លួនមុខសញ្ញាចោរ ០៣នាក់ សារភាពលួចសកម្មជាច្រើនលើក នៅស្រុករំដួល

ខេត្តស្វាយរៀង៖ ឃាត់ខ្លួនមុខសញ្ញាចោរ ០៣នាក់ សារភាពលួចសកម្មជាច្រើនលើក នៅស្រុករំដួល

ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ដែលពាក់ព័ន្ធនឹងករណីលួចយ៉ាងសកម្មនៅក្នុងស្រុករំដួល និងបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់។

រូបភាពទី១

តាមប្រភពព័ត៌មានពីនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០១:៣០នាទី សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានជនមិនស្គាល់អត្តសញ្ញាណចំនួន ០៣នាក់ ជិះម៉ូតូ ០១គ្រឿង មកឈប់នៅខាងមុខរបងផ្ទះប្រជាពលរដ្ឋមួយកន្លែង បម្រុងផ្លោះចូលលួច។

រូបភាពទី២

ក្រោយពីទទួលបានព័ត៌មាន និងពាក្យបណ្ដឹងពីជនរងគ្រោះភ្លាមៗ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង លោកវរសេនីយ៍ឯក មាស ធួក អធិការនគរបាលស្រុករំដួល បានដឹកនាំកម្លាំងចុះពិនិត្យកន្លែងកើតហេតុភ្លាមៗ។

រូបភាពទី៣

នៅពេលកម្លាំងសមត្ថកិច្ចទៅដល់ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ ប៉ុន្តែភ្លាមៗនោះ សមត្ថកិច្ចបានសហការគ្រប់គោលដៅប្រទាក់ក្រឡាដែលមាននៅក្នុងភូមិសាស្ត្រស្រុករំដួល រហូតអាចឃាត់ខ្លួនជនសង្ស័យទាំង ០៣នាក់ ប្រុស បាននៅត្រង់ចំណុចកែងព្រៃគាវ ស្ថិតក្នុងឃុំកំពុងចក ស្រុករំដួល។

រូបភាពទី៤

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំយកជនសង្ស័យទាំង ០៣នាក់ ទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុករំដួល ដែលពួកគេបានឆ្លើយសារភាពថា ខ្លួនពិតជាបម្រុងផ្លោះរបងចូលលួចសម្ភារៈមែន។ លើសពីនេះ ពួកគេថែមទាំងបានសារភាពថា ធ្លាប់បានប្រព្រឹត្តបទល្មើសលួចមាន់ វះតូបយកភេសជ្ជៈ និងលួចយ៉ាងសកម្មជាច្រើនដងទៀតផង។

សមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ ០១គ្រឿង, ទូរស័ព្ទ ០៣គ្រឿង និងកន្ត្រៃ ០១ដើម។ បច្ចុប្បន្ននេះ ជនសង្ស័យទាំង ០៣នាក់ រួមទាំងវត្ថុតាង កំពុងត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕

ដោយ៖ សុថាន

administrator

Related Articles