សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែរខេត្តកំពង់ចាម ជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែរខេត្តកំពង់ចាម ជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

សម្ដេច ម៉ែន សំអន

ភ្នំពេញ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះផ្សារផលិតផលខ្មែរ នៅខេត្តកំពង់ចាម ក្នុងគោលដៅជំរុញផលិតភាពក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។

សម្ដេច ម៉ែន សំអន ទស្សនាផ្សារផលិតផលខ្មែរ

សម្ដេចបានថ្លែងនូវការគាំទ្រនេះ ខណៈអញ្ជើញទស្សនាសួនច្បារ និងផ្សារផលិតផលខ្មែរ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអមដំណើរពីលោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីខេត្តកំពង់ចាម លោកជំទាវ ប៉ាង ដានី ប្រធានប្រតិបត្តិសាខា និងប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត។

ទស្សនាផ្សារ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសរសើរដល់រដ្ឋបាលខេត្ត និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ដែលបានចូលរួមយ៉ាងសកម្មក្នុងការជម្រុញ និងលើកស្ទួយផលិតផលខ្មែរឲ្យកាន់តែមានតម្លៃ ព្រមទាំងចូលរួមចំណែកក្នុងការលើកស្ទួយសេដ្ឋកិច្ចគ្រួសារផងដែរ។

ជាមួយគ្នានេះ សម្ដេចក៏បានសំណូមពរដល់ប្រជាកសិករទាំងអស់ ត្រូវធានានូវផលិតផលដែលគ្មានជាតិគីមី និងពង្រឹងគុណភាពដាំដុះ ដោយគោរពតាមក្បួនខ្នាតរបស់ក្រសួងកសិកម្ម។ ចំណែកអាជីវករវិញ ត្រូវចេះវេចខ្ចប់ ប្រើប្រាស់ស្លាកសញ្ញាខ្មែរ ផ្សព្វផ្សាយអំពីផលិតផលខ្មែរ និងមិនត្រូវកេងចំណេញខ្លាំងពេកពីកសិករ រួមទាំងការតម្លើងថ្លៃខុសប្រក្រតី។

ផ្សារផលិតផលខ្មែរ

សម្ដេចបានបន្តថា ផ្សារផលិតផលខ្មែរនេះ គឺជាការលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ បង្កើនផលិតភាពក្នុងស្រុក បង្កើនប្រាក់ចំណូល និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរ។ សម្ដេចក៏បានសាទរដល់រដ្ឋបាលខេត្ត ដែលបានរៀបចំតំបន់ទេសចរណ៍ កែលម្អសួនច្បារ ច្រាំងទន្លេ និងសោភ័ណភាពខេត្ត ដែលជាកន្លែងទាក់ទាញសម្រាប់ទេសចរជាតិ និងអន្តរជាតិ។

សោភ័ណភាពខេត្ត

គួរបញ្ជាក់ថា ក្រោមការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តកំពង់ចាម ផ្សារលក់ផលិតផលខ្មែរបានដាក់ដំណើរការតាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន ដោយបើកលក់រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់៕

ផលិតផលខ្មែរ

ដោយ៖ សំរិត

administrator

Related Articles