កម្លាំងសមត្ថកិច្ចស្រុកអង្គស្នួល ខេត្តកណ្តាល បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិត្រពាំងរាំង ឃុំព្រៃពួច។

ប្រភពពីមន្ត្រីនគរបាលស្រុកបានឱ្យដឹងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦នេះថា កាលពីថ្ងៃទី០៣ ខែឧសភា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃពួច បានទទួលព័ត៌មានពីមហាជនថា មានមុខសញ្ញាលក់ដូរ និងប្រើប្រាស់គ្រឿងញៀននៅតំបន់នោះ។
ក្រោយទទួលព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចបានចុះស៊ើបអង្កេត និងឈានទៅឆែកឆេរបន្ទប់ជួលគោលដៅ រហូតឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃុត ទីនី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅកន្លែងកើតហេតុ។ ការធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀនប្រភេទម៉ាទឹកកក (+)។

វត្ថុតាងដកហូតរួមមាន៖ សារធាតុញៀនចំនួន០៣កញ្ចប់តូច ទម្ងន់សរុប ២.៤៤ក្រាម លាក់ទុកនៅក្រោមពូកដេក ទូរសព្ទដៃម៉ាក OPPO ពណ៌ទឹកប្រាក់ ០១គ្រឿង និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំងនេះពិតជារបស់ខ្លួន ដោយបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ ហើយយកមកលាក់ទុក។ ជនសង្ស័យបានប្រើប្រាស់គ្រឿងញៀនជាប្រចាំអស់រយៈពេលប្រមាណកន្លះឆ្នាំមកហើយ។
បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕
