ប្រភេទឈ្លានពាន! នគរបាលខេត្តកណ្ដាលឃាត់ខ្លួនក្មេងទំនើង២នាក់ ក្នុងក្រុមចំនួន១៥នាក់ ភ្ជាប់សំណុំរឿងហិង្សាមានស្ថានទម្ងន់ទោស

ប្រភេទឈ្លានពាន! នគរបាលខេត្តកណ្ដាលឃាត់ខ្លួនក្មេងទំនើង២នាក់ ក្នុងក្រុមចំនួន១៥នាក់ ភ្ជាប់សំណុំរឿងហិង្សាមានស្ថានទម្ងន់ទោស

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកខ្សាច់កណ្តាល បានបើកប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងចំនួន២នាក់ ក្នុងចំណោមបក្ខពួកសរុប១៥នាក់ ដែលពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា។

រូបភាពក្មេងទំនើង

ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១៤ ឧសភា ២០២៦ បន្ទាប់ពីក្រុមជនសង្ស័យបានប្រព្រឹត្តបទល្មើសកាលពីម៉ោង១៨:០០នាទី ថ្ងៃទី១១ ឧសភា ២០២៦ នៅចំណុចភូមិមេប៉ាន់ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

រូបភាពជនសង្ស័យ

លោកវរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះមានចំនួន២នាក់ រួមមាន (១) ឈ្មោះ វ៉េងឃាង សៀងលិ (ប្រុស, អាយុ១៧ឆ្នាំ, មុខរបរសិស្ស) និង (២) ឈ្មោះ ថាន សិលា (ប្រុស, អាយុ១៧ឆ្នាំ, មុខរបរកសិករ) ដែលអ្នកទាំងពីរមានទីលំនៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល។

រូបភាពវត្ថុតាង

ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យខូចខាតម៉ូតូម៉ាក Honda Dream C125 ចំនួន១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1C-3159 ដែលជារបស់ជនរងគ្រោះ។

រូបភាពសមត្ថកិច្ច

លោកអធិការបានបន្តថា ចំណែកបក្ខពួកក្រុមជនសង្ស័យមានចំនួន១៥នាក់ ក្នុងនោះសមត្ថកិច្ចស្គាល់អត្តសញ្ញាណចំនួន៧នាក់ (អាយុចន្លោះពី១៧ឆ្នាំដល់២២ឆ្នាំ)។ ជនសង្ស័យដែលឃាត់ខ្លួនបានចំនួន២នាក់ រួមមាន (១) ឈ្មោះ លាង ប៊ុនលាប (ប្រុស) មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល និង (២) ឈ្មោះ វឿន ស៊ីវវួយ (ប្រុស) មុខរបរកសិករ មានទីលំនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល។

រូបភាពជនសង្ស័យផ្សេងទៀត

ដោយឡែកជនសង្ស័យ៥នាក់ទៀតដែលបានរត់គេចខ្លួន រួមមានឈ្មោះ ម៉ី, ត្រា, ថាដា, ហេង និង ឃ្លោក ដែលសុទ្ធតែជាមនុស្សប្រុស និងមានទីលំនៅក្នុងស្រុកខ្សាច់កណ្តាលដូចគ្នា។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ចំណែកជនសង្ស័យដែលកំពុងរត់គេចខ្លួន កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវស្វែងរកដើម្បីយកមកផ្ដន្ទាទោសបន្តតាមច្បាប់៕

administrator

Related Articles