ខេត្តបាត់ដំបង៖ ក្រោយលោក គឹម ប្រុស ប្រធានសាខា ក.ប.ប ខេត្តបាត់ដំបង ត្រូវបានដកតួនាទី និងបណ្ដេញចេញពីក្របខ័ណ្ឌ ពាក់ព័ន្ធរបាយការណ៍ភូតកុហក បិទបាំងទុរេនសៀម ហើយកំពុងប្រឈមការស៊ើបអង្កេតពី ACU បន្ថែមទៀតនោះ សាធារណជនបានចោទសួរពីវាសនារបស់ លោក វរៈសេនីយ៍ឯក ចាន់ សុធី ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា មន្ត្រីនគរបាលចរាចរណ៍ខេត្តបាត់ដំបង ត្រូវបានចោទប្រកាន់ថាបានបិទបាំងអំពើល្មើសច្បាប់របស់លោក សយ បូរ៉ា ថៅកែផ្សារទំនើប ហេង ឆៃលី ដែលបើករថយន្តបុកស្ត្រីស្លាប់ រួចយកឈ្មោះ សេី សាន់ ណាវី មកដើរតួជំនួសជនបង្ក។

ទីបំផុតការពិតត្រូវបានលាតត្រដាង! កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនឈ្មោះ សេី សាន់ ណាវី នៅថ្ងៃទី៨ ឧសភា ២០២៦ ក្នុងផ្ទះលេខ៨អា ផ្លូវលេខ១០ បូរីជីបម៉ុង ២៧១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាផ្ទះរបស់ សយ បូរ៉ា ហើយគាត់បានសារភាពថាខ្លួនមិនមែនជាអ្នកបើកបុកជនរងគ្រោះស្លាប់នោះទេ គឺ សយ បូរ៉ា ផ្ទាល់ជាអ្នកបើករថយន្តស្តារិចបុកស្ត្រីរងគ្រោះស្លាប់កាលពីព្រឹកថ្ងៃទី១៦ កុម្ភៈ ២០២៦។

បន្ទាប់ពីដឹងថា សេី សាន់ ណាវី ត្រូវចាប់ខ្លួន សយ បូរ៉ា បានរត់គេចខ្លួនទៅក្រៅប្រទេសតាមជើងយន្តហោះទៅសាំងហ្គាពួរ ល្ងាចថ្ងៃទី៨ ឧសភា ២០២៦។ ចំណែក សេី សាន់ ណាវី ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ។

សាធារណជនលើកឡើងថា៖ «ចុះលោក វរៈសេនីយ៍ឯក ចាន់ សុធី ដែលគប់គិតកែសំណុំរឿងដូរជនបង្កពី សយ បូរ៉ា ទៅ សេី សាន់ ណាវី ពេលណាទើបថ្នាក់លើបើកការស៊ើបអង្កេត? បើនៅយោគយល់អត់ឱនឱ្យមន្ត្រីខិលខូចបន្តសកម្មភាព មានន័យថាមេអង្គភាពឬមេស្ថាប័នខ្លះអាចទទួលបានផលប្រយោជន៍ពីមន្ត្រីខិលខូចទាំងនេះឬ?»។

អង្គភាពយើងបានព្យាយាមទាក់ទងទៅលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ប៉ុន្តែមិនមាននៅក្នុងសេវា។ ចំណែកលោក វរៈសេនីយ៍ឯក ចាន់ សុធី យើងមិនអាចរកលេខទំនាក់ទំនងបានទេ។ អង្គភាពយើងរង់ចាំការបំភ្លឺរាល់ម៉ោងធ្វើការ។

សង្ឃឹមថាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ នឹងបង្កើតក្រុមអធិការកិច្ចចុះស្រាវជ្រាវភាពមិនប្រក្រតីនៃការកែសំណុំរឿងនេះ ដើម្បីកុំឱ្យខូចឈ្មោះអង្គភាព និងស្ថាប័ននគរបាលជាតិ៕
