ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពីបទក្មេងទំនើងកាប់ប្លន់យកផ្លាកលេខម៉ូតូ តាមផ្លូវជាតិលេខ៣

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពីបទក្មេងទំនើងកាប់ប្លន់យកផ្លាកលេខម៉ូតូ តាមផ្លូវជាតិលេខ៣

ខេត្តតាកែវ៖ កម្លាំងចម្រុះស្រុកគងពិសី និងស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងករណីក្មេងទំនើងប្រើកាំបិតផ្គាក់ដេញកាប់ និងបំផ្លាញម៉ូតូប្លន់យកផ្លាកលេខ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅភូមិចំប៉ា ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ។

រូបភាពករណី

ជនរងគ្រោះមានចំនួន៣នាក់ រួមមានឈ្មោះ កុច វណ្ណៈ (អ្នកបើកបរ), ង៉ែត ចាន់តារា, និង តុង មាឃ សុទ្ធតែជាកម្មកររស់នៅភូមិឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី។ មុនកើតហេតុ ពួកគេជិះម៉ូតូ Honda Scoopy ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1LP-9334 ចេញពីមន្ទីរពេទ្យអ័រគីដេត្រឡប់មកផ្ទះវិញ។

រូបភាពករណី

ពេលមកដល់មុខវត្តថ្មី ក្រុមជនសង្ស័យ៤នាក់ជិះម៉ូតូ Honda Dream ពណ៌ខ្មៅ បានមកកាក់ស្ទាក់ ហើយទាញកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះ តែមិនត្រូវ។ ជនរងគ្រោះភ័យស្លន់ស្លោបានផ្តួលម៉ូតូរត់គេចខ្លួន។ ក្រុមសកម្មភាពឆ្លៀតឱកាសកាប់បំផ្លាញក្បាលម៉ូតូ និងកាប់ផ្តាច់យកផ្លាកលេខរត់គេចខ្លួនទិសខាងជើងបាត់ស្រមោល។

រូបភាពករណី

តាមការស្រាវជ្រាវ ក្រុមនេះជាមុខសញ្ញាសកម្មធ្លាប់ប្រព្រឹត្តបទល្មើសចំនួន៣ករណីរួចមកហើយ (២ករណីក្នុងស្រុកបាទី និង១ករណីក្នុងស្រុកគងពិសី) តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រឃុំតាំងដូង ឃុំសូរភី និងឃុំជង្រុក។

រូបភាពករណី

ដោយមានការសម្របសម្រួលពីអធិការរងនគរបាលស្រុកបាទី និងស្រុកគងពិសី ព្រមទាំងការបញ្ជាផ្ទាល់ពីលោកអធិការនគរបាលស្រុកគងពិសី លោកវរសេនីយ៍ត្រី សំ ហេង មេប៉ុស្តិ៍នគរបាលរដ្ឋបាលជង្រុក បានដឹកនាំកម្លាំងសហការជាមួយមេប៉ុស្តិ៍តាំងដូង និងមេប៉ុស្តិ៍សូរភី ចុះប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុករហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់។

ក្នុងចំណោមជនសង្ស័យ ម្នាក់រស់នៅភូមិចំប៉ា ម្នាក់នៅភូមិសំរោង និង២នាក់ទៀតរស់នៅភូមិភ្នំតូច។ បច្ចុប្បន្ន ពួកគេត្រូវបានប្រគល់ជូនអធិការរងទទួលបន្ទុកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។

administrator

Related Articles