ខេត្តបាត់ដំបង៖ អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានចេញសេចក្តីបំភ្លឺបដិសេធចំពោះការផ្សព្វផ្សាយក្នុងបណ្តាញសង្គមដែលថា «ជនជាតិចិនមួយក្រុមបានដើរគេចចេញពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រហូតដល់ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង» ។

លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកភ្នំព្រឹក បានចាត់កម្លាំងជំនាញចុះស៊ើបអង្កេតរកការពិត ដោយបានរកឃើញជនជាតិចិនចំនួន ០៦ នាក់ និងជនជាតិខ្មែរ ០១ នាក់ ដែលពួកគាត់គ្រាន់តែដើរហាត់ប្រាណលើដងផ្លូវជាតិលេខ៥៩ ក្នុងភូមិសាស្រ្តស្រុកភ្នំព្រឹក ប៉ុណ្ណោះ។
សមត្ថកិច្ចបាននាំខ្លួនពួកគាត់មកសាកសួរ និងពិនិត្យឯកសារ ដោយបញ្ជាក់ថា ជនជាតិចិនទាំងនោះមានលិខិតឆ្លងដែន និងឯកសារគ្រប់គ្រាន់ ព្រមទាំងពុំមានពាក់ព័ន្ធនឹងសកម្មភាពក្លែងបន្លំតាមអនឡាញ (Online Scam) ឡើយ។ ជាងនេះទៀត ពួកគាត់បានចូលមកស្នាក់នៅក្នុងស្រុកភ្នំព្រឹក តាំងពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ មកម៉េ្លះ ហើយពុំមែនជាការរត់គេចពីក្រុងប៉ោយប៉ែតដូចការផ្សព្វផ្សាយនោះទេ។
អាជ្ញាធរស្រុកភ្នំព្រឹក សូមសាធារណជនកុំភ្នក់ភាំង និងសូមបន្តចូលរួមសហការផ្តល់ព័ត៌មានមកកាន់សមត្ថកិច្ចនគរបាល ដើម្បីរួមចំណែកទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាប្រកបដោយប្រសិទ្ធភាព។
