ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឧត្តមនាវីត្រី គ្លេន ហ្ស៊ី ឌីហ្សុន (GLENN Z DIZON) ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានមកដល់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។

លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានជម្រាបថា ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយកនាយកដ្ឋានទាក់ទងអន្តរជាតិ បានទៅទទួលស្វាគមន៍គណៈប្រតិភូនេះផ្ទាល់។

ការអញ្ជើញមកដល់របស់លោក គ្លេន ហ្ស៊ី ឌីហ្សុន និងនាយទាហានចំនួន ០៣រូបទៀត នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន គឺធ្វើឡើងបន្ទាប់ពីការផ្ទេរ-ប្រគល់ភារកិច្ចដឹកនាំ AOT ពីម៉ាឡេស៊ីមកកាន់ហ្វីលីពីន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីឡា។

ក្រសួងការពារជាតិបានបញ្ជាក់ថា កម្ពុជាសូមកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្តខ្ពស់របស់ក្រុម AOT ហ្វីលីពីន ក្នុងការបំពេញតួនាទីត្រួតពិនិត្យ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញតាមព្រំដែនកម្ពុជា-ថៃ ស្របតាមសេចក្តីប្រកាសរួម GBC លើកទី៣ កាលពីខែធ្នូ ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងសន្តិភាពទាំងអស់ ព្រមទាំងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់យន្តការ AOT ដើម្បីជំរុញសន្តិភាព ស្ថិរភាព និងតម្លាភាពនៅតាមបណ្តោយព្រំដែនយូរអង្វែង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦

ដោយ៖ សិលា
