ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំដ៏តឹងរ៉ឹងមួយ ស្តីពីការហាមឃាត់ការផ្សាយពាណិជ្ជកម្ម និងការចែកចាយផលិតផលដែលមានជាតិនីកូទីន គ្រប់ប្រភេទ ក្នុងគោលដៅការពារសុខភាពសាធារណៈ និងលើកកម្ពស់គុណភាពធនធានមនុស្ស។

ការណែនាំនេះ អនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នៃនីតិកាលទី៧ ដើម្បីរក្សាបាននូវការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងសុខភាពល្អ ដែលជាទ្រព្យសកម្មជាតិដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសរយៈពេលវែង។

រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់អង្គភាពចំណុះ រដ្ឋបាលខណ្ឌ-សង្កាត់ និងម្ចាស់មូលដ្ឋានអាជីវកម្ម ឱ្យអនុវត្តវិធានសំខាន់ៗចំនួន៤ រួមមាន៖
១. មិនត្រូវផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់គ្រប់ប្រភេទ នៅគ្រប់ទីកន្លែង។
២. មិនត្រូវចាប់ដៃគូសហការជាមួយឧស្សាហករថ្នាំជក់ និងអ្នកនាំចូល-ផលិត-ចែកចាយផលិតផលមានជាតិនីកូទីន ទោះក្នុងគោលបំណងណាមួយក៏ដោយ រួមទាំងសកម្មភាពសប្បុរសធម៌ កីឡា និងសិល្បៈផ្សេងៗ។
៣. មិនត្រូវទទួលការឧបត្ថម្ភគាំទ្រ ឬចុះអនុស្សរណៈជាមួយក្រុមហ៊ុនផលិតផលមានជាតិនីកូទីន។
៤. មិនអនុញ្ញាតឱ្យផ្តល់ទីតាំង ឬទីធ្លាសម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយ ឬពិព័រណ៍របស់ឧស្សាហករទាំងនេះឡើយ។

សេចក្តីណែនាំនេះ តម្រូវឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរជំនាញ ព្រមទាំងគ្រឹះស្ថានសាធារណៈ និងឯកជនទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ដោយ៖ សំរិត
