ភ្នំពេញ៖ កម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចុះបង្ក្រាបករណីហិង្សាដោយចេតនា បង្កឡើងដោយក្រុមក្មេងទំនើង២ក្រុម ប្រដាប់ដោយដុំថ្ម និងដែកទីប ដេញវាយគ្នាយ៉ាងគគ្រឹកគគ្រេង នៅចំណុចឃ្លាំងដាក់រថយន្តបូមលូ ក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។

ក្រោយទទួលបណ្តឹងតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ កាលពីថ្ងៃទី២ ឧសភា ២០២៦ កម្លាំងជំនាញបានចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅថ្ងៃទី៤ ឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៣:០៩នាទី ដោយពួកគេកំពុងសម្ងំលាក់ខ្លួននៅទីតាំងឃ្លាំងដាក់រថយន្តដដែល។

ជនសង្ស័យទាំង០២នាក់មានឈ្មោះ ឃាង កា ភេទប្រុស អាយុ១៧ឆ្នាំ និង ចាប សុផាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ វត្ថុតាចាប់យករួមមាន៖ ដែកទីបមូល ១ដើម, ដែកទីបជ្រុង ៤ដើម, ដុំថ្ម ៣ដុំ និងសម្ភារៈមួយចំនួនទៀត។

ក្រោមការសួរនាំ ក្មេងទំនើងទាំង០២នាក់បានសារភាពថាពួកគេពិតជាបានប្រព្រឹត្តអំពើហិង្សាបែបនេះមែន ហើយនេះជាលើកទី៣ហើយ ដែលពួកគេ និងបក្ខពួកធ្វើសកម្មភាពយកដុំថ្ម និងដែកទីបគប់គ្នានៅតំបន់នោះ។ បច្ចុប្បន្ន ក្មេងទំនើងទាំង០២នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ រីឯបក្ខពួកដែលកំពុងរត់គេចខ្លួន កំពុងត្រូវបានសមត្ថកិច្ចបន្តស្រាវជ្រាវឃាត់ខ្លួនបន្តទៀត៕
ដោយ៖ តារា
