ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំពិភាក្សាដ៏សំខាន់មួយស្ដីពី «ផែនទីបង្ហាញផ្លូវក្នុងវិស័យអប់រំ» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទយ៉ាងច្រើនកុះករ។

ក្នុងឱកាសដ៏ឧឡារិកនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបានរៀបចំសេចក្ដីព្រាងផែនទីបង្ហាញផ្លូវនេះឡើង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ លោកបានផ្ដល់អនុសាសន៍ឱ្យក្រុមការងារបន្តពិនិត្យ និងសិក្សាស្រាវជ្រាវបន្ថែមលើទិន្នន័យជាក់ស្ដែងតាមគ្រឹះស្ថានសិក្សា ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រង និងការបែងចែកធនធានគ្រូបង្រៀនឱ្យចំគោលដៅ តាមរយៈការពិនិត្យលើលទ្ធភាពថវិកា ម៉ោងបង្រៀន និងតម្រូវការគ្រូបង្រៀនពិតប្រាកដ។

ការរៀបចំផែនទីបង្ហាញផ្លូវនេះ ផ្ដោតសំខាន់លើការគ្រប់គ្រង និងការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង ដើម្បីជំនួសគ្រូបង្រៀនថ្នាក់ពីរវេន ថ្នាក់គួប និងការបញ្ចូលគ្រូបង្រៀនជាប់កិច្ចសន្យាក្នុងក្របខណ្ឌ ព្រមទាំងការជ្រើសរើសគ្រូបង្រៀនបំពេញបន្ថែមលើមុខវិជ្ជាឯកទេសដែលកំពុងមានតម្រូវការ។

ផែនទីបង្ហាញផ្លូវនេះមានគោលដៅសំខាន់ៗជាច្រើនរួមមាន៖
- ពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ការគ្រប់គ្រង និងការប្រើប្រាស់គ្រូបង្រៀនតាមគ្រឹះស្ថានសិក្សាសាធារណៈឱ្យកាន់តែច្បាស់លាស់
- លុបបំបាត់ការប្រើប្រាស់កម្មវិធីបង្រៀនថ្នាក់ពីរវេន ថ្នាក់គួបគ្រប់កម្រិត និងគ្រូបង្រៀនជាប់កិច្ចសន្យាប្រភេទ២
- កំណត់ស្ដង់ដានៃការគ្រប់គ្រង ការជ្រើសរើស និងការប្រើប្រាស់គ្រូបង្រៀននៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈទូទាំងប្រទេស
- គ្រប់គ្រងទិន្នន័យ និងការប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅឱ្យមានភាពជាក់លាក់
- បញ្ចូលគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅទៅក្នុងក្របខណ្ឌ ផ្អែកតាមគុណវុឌ្ឍិ និងសមត្ថភាពវិជ្ជាជីវៈគរុកោសល្យ
- បង្កើនប្រសិទ្ធភាព និងគណនេយ្យភាពនៃការប្រើប្រាស់ថវិកាជាតិឱ្យចំគោលដៅ

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពង្រឹងវិស័យអប់រំជាតិ និងលើកកម្ពស់គុណភាពធនធានមនុស្ស ដែលជាអាទិភាពកំពូលរបស់រាជរដ្ឋាភិបាលកម្ពុជា។
ប្រភព ៖ (CCFR)
