ភ្នំពេញ៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួនពីរគឺ អរឆីដ អូតែល និង រិច កាស៊ីណូ របស់ក្រុមហ៊ុន ជេ ប៊ី អិម អេស ឌីវេឡុបម៉ឺន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីកម្លាំងសមត្ថកិច្ចបានចុះប្រតិបត្តិការរកឃើញថាទីតាំងនេះជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

តាមរបាយការណ៍របស់ គ.ល.ក. នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត និងកម្លាំងយោធភូមិភាគទី៥ ដោយមានការសម្របសម្រួលនីតិវិធីពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យទីតាំងបរិវេណសានកូ ស្ថិតក្នុងភូមិ/សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ក្នុងអំឡុងពេលប្រតិបត្តិការឡោមព័ទ្ធទីតាំងនេះ មានជនបរទេសមួយចំនួនបានបើកការបាញ់ប្រហារមកកាន់កងកម្លាំងសមត្ថកិច្ច ប៉ុន្តែក្រោយពីគ្រប់គ្រងស្ថានការណ៍បាន កម្លាំងចម្រុះបានត្រួតពិនិត្យទីតាំងទាំងមូលសរុបចំនួន ១៩ អគារ និងឃាត់ខ្លួនជនបរទេសជាងមួយពាន់នាក់ ព្រមទាំងវត្ថុតាងមួយចំនួនទៀត។
គ.ល.ក. បានបញ្ជាក់ថា ក្រុមហ៊ុន JB MA DEVELOPMENT CO., LTD. ដែលមានកាស៊ីណូ ORCHID HOTEL & RICH CASINO បានអនុវត្តផ្ទុយនឹងសេចក្តីណែនាំលេខ០០៣/២៦ អ.គ.ល.ក.សណន ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលហាមឃាត់ដាច់ខាតរាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរអាវុធ និងការប្រើប្រាស់អាវុធដោយខុសច្បាប់។

ស្របតាមបទបញ្ជារបស់រាជរដ្ឋាភិបាល លេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ និងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម គ.ល.ក. បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ លេខ ២៩៦ គ.ល.ក តាមរយៈសេចក្តីសម្រេចលេខ០៣៥ គ.ល.ក.សសរ ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។
គ.ល.ក. សូមរំលឹកជាថ្មីថា នឹងបន្តសហការជាមួយលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងកម្លាំងមានសមត្ថកិច្ច ដើម្បីបន្តចុះប្រតិបត្តិការត្រួតពិនិត្យ ដោយមិនមានការលើកលែងចំពោះទីតាំងកាស៊ីណូណាមួយដែលសង្ស័យថាជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ៕
