ភ្នំពេញ៖ យ៉ាងហោចណាស់មានបុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីអ្នកបើកបរម៉ូតូបានបើកក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកខឿនទ្រូងផ្លូវដោយចៃដន្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេែបានកើតឡើង កាលពីវេលាម៉ោង ២៣ និង ០២ នាទីយប់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវបេតុងត្រង់ចំណុចភ្លើងស្តុបបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូ ១គ្រឿង ម៉ាក ATV ពាក់ស្លាកលេខ ភ្នំពេញ 1MD 9986 បើកបរតាមបណ្តោយផ្លូវបេតុង ក្នុងល្បឿនលឿនគួរឲ្យកត់សម្គាល់។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុកនឹងខឿនទ្រូងផ្លូវ បណ្តាលឲ្យដួលរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមសង្គ្រោះប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យជិតដើម្បីធ្វើការសង្គ្រោះបន្ទាន់ ចំណែករថយន្តម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលផ្សារដើម្បីរង់ចាំម្ចាស់ទៅទទួលយកនៅពេលក្រោយ៕
ដោយ៖ ចន្ទ លីហ្សា
