ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងជាផ្លូវការ ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈថ្មី នៅតាមស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេសកម្ពុជា ដែលនឹងត្រូវអនុវត្តចាប់ពីម៉ោង ០០:០០ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ រហូតដល់មានការជូនដំណឹងថ្មីបន្ទាប់ទៀត។
តាមការប្រកាសនេះ តម្លៃលក់រាយប្រេងសាំងធម្មតា (Gasoline 92) ត្រូវបានកំណត់នៅត្រឹម ៥,៣០០រៀល/លីត្រ ចំណែកឯប្រេងម៉ាស៊ូត (Gasoil 10ppm) វិញ ត្រូវបានកំណត់នៅត្រឹម ៥,៥៥០រៀល/លីត្រ។
គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តអនុវត្តយន្តការបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ ក្នុងទំហំ ៦,៥ សេនដុល្លារ/លីត្រ ដើម្បីសម្រួលដល់បន្ទុកជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លើសពីនេះ រដ្ឋាភិបាលក៏បានបញ្ចុះតម្លៃបន្ថែម ១ សេនដុល្លារ/លីត្រទៀត ដោយសារតែតម្លៃប្រេងសាំងនៅលើទីផ្សារអន្តរជាតិបានកើនឡើងលើសពី ៩០ដុល្លារក្នុងមួយបារ៉ែល និងប្រេងម៉ាស៊ូតឡើងលើសពី ១០០ដុល្លារក្នុងមួយបារ៉ែល។

ការប្រកាសតម្លៃលក់រាយប្រេងឥន្ធនៈជាថ្មីនេះ ធ្វើឡើងក្នុងគោលបំណងជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងការកើនឡើងនៃថ្លៃប្រេងនៅលើទីផ្សារពិភពលោក។ នេះជាការបន្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងនិងទប់ស្កាត់ការកើនឡើងថ្លៃប្រេងឥន្ធនៈក្នុងស្រុក ឲ្យស្ថិតក្នុងកម្រិតសមស្របតាមដែលអាចធ្វើទៅបាន។
សូមបញ្ជាក់ថា តម្លៃទាំងនេះនឹងត្រូវអនុវត្តនៅតាមស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេស ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ តទៅ រហូតដល់មានការប្រកាសប្រេងតម្លៃថ្មីបន្ទាប់ទៀត។
ដោយ៖ តារា
