ខេត្តតាកែវ៖ បុរសស្រវឹងម្នាក់ដែលតែងតែបង្កអុកឡុកអ្នកភូមិជាប្រចាំ ត្រូវបានសមត្ថកិច្ចស្រុកអង្គរបូរីឃាត់ខ្លួន ក្រោយប្រើដំបងឈើជ្រុងវាយអ្នកភូមិម្នាក់បណ្ដាលឱ្យរបួសធ្ងន់។
លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៨និង១០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ នៅភូមិសាមគ្គី ឃុំអង្គរបូរី។ ជនបង្កឈ្មោះ យី យឿន ភេទប្រុស អាយុ២៣ឆ្នាំ បានផឹកស្រាស្រវឹង ហើយបានយកដំបងឈើជ្រុង (៣គុណ៤) ប្រវែង៥៤សង់ទីម៉ែត្រ មានជាប់ដែកគោល វាយទៅលើឈ្មោះ ទូច រ័ត្ន អាយុ៣៦ឆ្នាំ ត្រូវចំក្បាលខាងក្រោយចំហៀងខាងឆ្វេង បណ្ដាលឱ្យបែកក្បាលរបួសធ្ងន់។
ក្រោយពីក្រុមគ្រួសារជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម និងបានដាក់ពាក្យបណ្ដឹង សមត្ថកិច្ចបានធ្វើការស៊ើបអង្កេត និងឃាត់ខ្លួនជនបង្ក ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា រួមនឹងប្រមូលវត្ថុតាងនាំយកមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
គួរបញ្ជាក់ថា ជនបង្ករូបនេះធ្លាប់ផឹកស្រាស្រវឹង និងតែងតែបង្កអុកឡុកអ្នកភូមិជិតខាងជាញឹកញាប់។
