ខេត្តសៀមរាប៖ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានិយាយភាសាបារាំង នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូនៃសភាប្រើភាសាបារាំង (APF) រួមជាមួយសមាជិកសភាកម្ពុជា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី សរុបចំនួន ៦៥ នាក់ ទៅទស្សនាសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប។

គណៈប្រតិភូបានស្វែងយល់កាន់តែច្បាស់អំពីសមិទ្ធផលនៃកិច្ចប្រតិបត្តិការបោសសម្អាតមីន និងប្រវត្តិសាស្ត្រនៃការកសាងសន្តិភាពនៅកម្ពុជា។ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានអមដំណើរ និងធ្វើបទបង្ហាញជម្រាបជូនអំពីវឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

លោក ហេង រតនា បានបញ្ជាក់ថា ការបោសសម្អាតមីនមិនត្រឹមតែផ្តល់សុវត្ថិភាពដល់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសហគមន៍។

តាមរយៈការទស្សនាពិព័រណ៍ក្នុងសារមន្ទីរ គណៈប្រតិភូបានជ្រាបអំពីសមិទ្ធផលរបស់អង្គភាពស៊ីម៉ាក់ ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩២។ សារមន្ទីរតេជោសន្តិភាព គឺជាសក្ខីកម្មនៃរបត់ប្រវត្តិសាស្ត្រពី «វាលពិឃាត» មកជា «វាលសន្តិភាព» និងជានិមិត្តរូបនៃការស្តារឡើងវិញនូវសុវត្ថិភាពសហគមន៍។

ទីតាំងនេះដើរតួជាមជ្ឈមណ្ឌលអប់រំ និងចែករំលែកបទពិសោធន៍នៃការកសាងសន្តិភាពទៅកាន់ពិភពលោក។ សកម្មភាពនេះធ្វើឡើងស្របពេលដែលអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា សហការជាមួយ APF និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី រៀបចំសិក្ខាសាលាស្តីពី «ក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា» ចាប់ពីថ្ងៃទី០២ ដល់ ០៤ ខែឧសភា នៅទឹកដីអង្គរ។

គួរបញ្ជាក់ថា សារមន្ទីរតេជោសន្តិភាពត្រូវបានកសាងឡើងជានិមិត្តរូបនៃសន្តិភាពពេញលេញ ដែលកម្ពុជាសម្រេចបានតាមរយៈនយោបាយឈ្នះ-ឈ្នះ។ សារមន្ទីរនេះមិនត្រឹមតែជាកន្លែងដាក់តាំងភស្តុតាងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលអប់រំ និងស្រាវជ្រាវសម្រាប់មនុស្សគ្រប់ជំនាន់ ឱ្យយល់ដឹងពីតម្លៃនៃសន្តិភាព និងការលះបង់របស់វីរយុទ្ធជនដោះមីនគ្រប់រូប។

ក្រោយពីបញ្ចប់ទស្សនកិច្ច គណៈប្រតិភូក៏បានអញ្ជើញទៅទស្សនាប្រាសាទអង្គរផងដែរ។



ដោយ៖ តារា
