ផ្លូវការ! រាជរដ្ឋាភិបាល ហាមឃាត់ទាំងស្រុង ការផ្តល់រង្វាន់តាមក្រវិលកំប៉ុង ស្រាបៀរ និងភេសជ្ជៈ ចាប់ពីថ្ងៃទី១ តុលា នេះតទៅ

ផ្លូវការ! រាជរដ្ឋាភិបាល ហាមឃាត់ទាំងស្រុង ការផ្តល់រង្វាន់តាមក្រវិលកំប៉ុង ស្រាបៀរ និងភេសជ្ជៈ ចាប់ពីថ្ងៃទី១ តុលា នេះតទៅ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញវិធានការជាប្រវត្តិសាស្ត្រ ដោយហាមឃាត់ទាំងស្រុងនូវការផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬគម្របផលិតផល និងការផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ សម្រាប់ផលិតផលស្រាបៀរ និងភេសជ្ជៈមានជាតិស្ករ ជាពិសេសភេសជ្ជៈប៉ូវកម្លាំង។

ការសម្រេចដ៏រឹងមាំនេះនឹងចាប់អនុវត្តជាដំណាក់កាល ដោយត្រូវបញ្ចប់ការផ្តល់រង្វាន់គ្រប់ប្រភេទត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៦ និងហាមឃាត់ទាំងស្រុងចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ។

រូបភាពអប់រំ

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងការណែនាំយ៉ាងច្បាស់លាស់ទៅកាន់អគ្គនាយកដ្ឋានពន្ធដារ ដោយដាក់ចេញនូវវិធានការសំខាន់ៗចំនួនពីរ ដើម្បីគ្រប់គ្រងវិស័យផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាក្នុងស្រុក។

វិធានការទី១៖ អនុវត្តគោលការណ៍របស់រាជរដ្ឋាភិបាល ដោយហាមឃាត់ការផ្តល់រង្វាន់លើភេសជ្ជៈមានជាតិស្ករ ជាពិសេសភេសជ្ជៈប៉ូវកម្លាំង។ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ គ្រប់សហគ្រាសទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យផ្តល់រង្វាន់ ឬបញ្ជាទិញថ្មី នាំចូល ឬផលិតនូវគម្របផលិតផលភេសជ្ជៈមានជាតិស្ករដែលមានការផ្តល់រង្វាន់ទៀតឡើយ។

វិធានការទី២៖ ពង្រឹងការប្រកួតប្រជែងដោយស្មើភាពគ្នា និងការលើកកម្ពស់អនុលោមភាព ដោយបញ្ឈប់ទាំងស្រុងនូវការផ្តល់រង្វាន់លើក្រវិលកំប៉ុង ឬគម្របផលិតផល សម្រាប់ផលិតផលគ្រឿងស្រវឹង។ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ គ្រប់សហគ្រាសទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យផ្តល់រង្វាន់ ឬបញ្ជាទិញថ្មី នាំចូល ឬផលិតនូវគម្របផលិតផលគ្រឿងស្រវឹងដែលមានការផ្តល់រង្វាន់ទៀតឡើយ។

សូមជម្រាបថា វិធានការនេះត្រូវបានរំពឹងថានឹងជួយកាត់បន្ថយការប្រើប្រាស់ភេសជ្ជៈមានជាតិស្ករ និងគ្រឿងស្រវឹងហួសកម្រិត ព្រមទាំងជំរុញការប្រកួតប្រជែងប្រកបដោយសមធម៌ក្នុងវិស័យឧស្សាហកម្មភេសជ្ជៈកម្ពុជា៕

ដោយ ៖ សិលា

administrator

Related Articles